ភ្នំពេញ៖នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន បុគ្គលឈ្មោះ ម៉ន ផល្លា (ជាប្រធានគណៈកម្មការប្រតិបត្តិការអតីតគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ) ពីបទ រួមគំនិតក្បត់ តាមមាត្រា៥៣នៃក្រមព្រហ្មទណ្ឌនៃកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ទៀតថា ការដែលចៅក្រមស៊េីបសួរចេញដីកាបង្គាប់អោយចាប់ខ្លួនលោក ម៉ន ផល្លា នេះ គឺ ដោយយោងតាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ទិត្យ សូផាត ភេទស្រី និងជនត្រូវចោទ ឈ្មោះ សេង សុខន ភេទស្រី នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦៧២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានឆ្លើយនៅចំពោះមុខចៅក្រមស៊ើបសួរថា ឈ្មោះម៉ន ផល្លា ភេទប្រុស អាយុ៤៤ ឆ្នាំ ជាមេខ្លោងនៅពីក្រោយការឃោសនា ញុះញង់ និងបញ្ចុះបញ្ចូលឲ្យជនត្រូវចោទទាំងពីរនាក់ដើរបំផុសបំផុលប្រជាពលរដ្ឋឲ្យងើបបះបោរប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលដែលជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ក្រោមឧបាយកលជា “ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជនសម រង្ស៊ី”។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ដីកាបង្គាប់ឲ្យចាប់ខ្លួន ខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន ៕