ខេត្តកំពង់ចាម ៖ ជនរងគ្រោះជាសិស្សម្នាក់ត្រូវបានជនមិនស្គាល់មុខបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូស្គូពី១គ្រឿងទៅបាត់ ខណៈពេលនាងជិះចេញពីសាលារៀនមកដល់ចំណុចស្ងាត់ ស្ថិតនៅក្នុងភូមិត្រពាំងរូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ជាប់ព្រំប្រទល់ឃុំសូសែន្យ និងឃុំស្រង៉ែ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ។
នារីរងគ្រោះ ឈ្មោះរឿន សុភាព អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងថ្ងៃខែកើតហេតុខាងលើ នារីរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកស្គូពីចេញពី សាលារៀន ស្រាប់តែមានមនុស្សប្រុសមិនស្គាល់មុខ អាយុប្រហែល៣០ឆ្នាំ មាឌរាងស្គម កម្ពស់ប្រហែល១.៦០ម៉ែត្រ ពាក់អាវសដៃវែង ស្លៀកខោជើងវែងពណ៌ខ្មៅ អង្គុយលើដៃស្ពានផ្លូវលំម្នាក់ឯង ជាកន្លែងវាលស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋឡើយ ស្ថិតនៅក្នុងភូមិត្រពាំងរូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ជាប់ព្រំប្រទល់ឃុំសូសែន្យ និងឃុំស្រង៉ែ ហើយបានធ្វើសកម្មភាពស្ទាក់វាយដោយដៃទៅលើរូបនាង និងច្រានចូលក្នុងទឹកប្រឡាយទឹក ចំណែកម៉ូតូត្រូវ ជនសង្ស័យយកទៅបាត់ ។ នារីរងគ្រោះបន្តថា ម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស (គ្មានពន្ធ) លេខតួ និងម៉ាស៊ីនមិនចាំទេ ។
លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា បន្ទាប់ពីកើតមានករណីវាយ ប្លន់យកម៉ូតូ លោកបានដឹកនាំកម្លាំងអធិការដ្ឋានចេញពួនស្ទាក់តាមច្រកល្បៀងសំខាន់ៗ តែមិនប្រទះឃើញជនសង្ស័យខាងលើឡើយ ។ លោកថា នារីរងគ្រោះមានរបួសបន្តិចបន្តួច ក្រុមគ្រួសារបញ្ជូនទៅពេទ្យ ដើម្បីព្យាបាលរបួស។
ទោះយ៉ាងណាសមត្ថកិច្ចបានបំពេញភារកិច្ច និងបន្តការស៊ើបអង្កេតស្រាវជ្រាវតាមរយៈភិនភាគ និងអត្តសញ្ញាណជនសង្ស័យខាងលើ ដើម្បីចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ