លោករដ្ឋមន្ត្រីជំរុញឲ្យអ្នកសារព័ត៌មានពង្រឹងសមត្ថភាព ដើម្បីរួមលើកកម្ពស់វិស័យសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានជំរុញឲ្យអ្នកសារព័ត៌មានទាំងស្ថាប័នរដ្ឋ និងឯក ជនបន្តលើកកម្ពស់ពង្រឹងសមត្ថភាពស្វែងយល់ពីច្បាប់ សមត្ថភាពបច្ចេកវិទ្យាដើម្បីឲ្យដើរទាន់សម័យបច្ចេកវិទ្យាទំនើប និងជាផ្នែកជួយលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ ការថ្លែងនេះត្រូវបានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីចូលរួមជាអធិបតី កម្មវិធីបិទសមាជលើកទី២ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នារសៀលថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ។

លោករដ្ឋមន្ត្រីបានលើកឡើងថា អ្នកសារព័ត៌មានត្រូវធ្វើការស្វែងយល់បន្ថែមលើផ្នែកច្បាប់បន្ថែមដើម្បីធានាលើការគោរពសិទ្ធិសេរីភាព បន្ថែមពីលើការបន្ថែមចំណេះដឹងផ្នែកប្រ័ន្ធបច្ចេកវិទ្យាលទំនើបដើរទាន់សង្គមបច្ចុប្បន្ន។ លោករដ្ឋមន្ត្រីបន្តថាការពង្រឹងសមត្ថភាពនេះពិតជាមានសារៈសំខាន់និងឆ្លុះបញ្ចាំងពីតួនាទីរបស់អ្នកសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ និងដើម្បីចូលរួមផ្សព្វផ្សាយក្នុងបុព្វហេតុការពារផលប្រយោជន៍ជាតិមាតុភូមិ។ លោករដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សហ ភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលបញ្ចប់ការរៀបចំសមាជលើកទី២របស់ខ្លួនប្រកបដោយជោគជ័យ។ 

  លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (សសសក) បានសន្យាជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបំរើផលប្រយោជន៍អ្នកសារព័ត៌មាន លើកតម្កល់ផលប្រយោជន៍ជាតិជាធំ និងបំបាត់នូវព័ត៍មានក្លែងក្លាយប៉ះពាល់ដល់អសន្តិសុខសង្គម ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

  សូមបញ្ជាក់ផងដែរថា  សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (សសសក) ត្រូវបានបង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិ-អន្តរជាតិផ្សេងៗគ្នា ដូចជា៖ វិទ្យុ ,ទូរទស្សន៍ ,កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ,ទស្សនាវដ្តី ,ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចាប់ផ្តើមដំណើរការសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ បានប្រឹងប្រែងខិតខំ ឈានដល់កសាងអគារសេរីភាពដ៏ធំ និងជាសមិទ្ធផលលើកដំបូងនៅកម្ពុជា ប្រមូលផ្តុំដោយអ្នកកាសែតអាជីព ដ៏ជោគជ័យរបស់ខ្លួន៕

     

 

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print