ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋម្នាក់ តែមិនបានសម្រេច ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ប្រទះឃើញជួយធ្វើអន្តរាគមន៍តាមឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរ ។
ករណីឆក់ទូរស័ព្ទដៃមិនបានសម្រេចខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី នៅចំណុចតាផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖ ១-ឈ្មោះ ស៊ុ លីហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ ជាសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ២-ឈ្មោះ ឌុល សុវណ្ណារាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមិនស្គាល់ភិនភាគ ក្រោយកើតហេតុគេចខ្លួនបាត់ដោយមិនបានដាក់ពាក្យបណ្ដឹង ។
មន្រ្តីដដែលបន្តថា សម្ភារចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម (សង់ប៊ិច)សេ១១០ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BD-6486 និងទូរស័ព្ទដៃ២គ្រឿង របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា