ភ្នំពេញ៖ ដោយសារតែក្ដីស្រឡាញ់បាំងបិទ ខ្វះការពិចារណាវែងឆ្ងាយ នារីវ័យក្មេងម្នាក់ក៏បានជ្រុលជ្រួសផុងគំនិត ដោយបានបង់ប្រាណប្រគល់ខ្លួនឲ្យបុសស្នេហ៍ ទាំងមិនទាន់បានចូលរោងការ រហូតធ្វើឲ្យមានផ្ទៃពោះ៤ខែ ហើយនឹកខ្លាចប្រុសស្នេហ៍ដោះដៃ ក៏បានទៅកាន់សាលាសង្កាត់ ដើម្បីឱ្យអាជ្ញាធរជួយអន្ដរាគមន៍ ដាក់បន្ទុកឱ្យប្រុសស្នេហ៍ទទួលខុសត្រូវកូនដែលនៅក្នុងផ្ទៃ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិវេណ សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីពពោះ៤ខែនោះ ត្រូវបានគេស្គាល់ថា ឈ្មោះស.ស.ហ អាយុ១៧ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។ ចំណែកយុវជនជាសង្សាររបស់នាងឈ្មោះវាសនា អាយុ២៤ឆ្នាំ កម្មកររោងចក្រ មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមសម្ដីរៀបរាប់របស់នារីខាងលើបានឲ្យដឹងថា នាងនិងយុវជនដែលជាងសង្សារបានស្រឡាញ់គ្នាអស់រយៈពេល២ឆ្នាំមកហើយ និងថែមទាំងបានរួមរស់មេត្រីជាមួយគ្នាជាច្រើនដងទៀតផង។ ក្រោយមកថ្មីៗនេះ ទើបនាងដឹងថាខ្លួនមានផ្ទៃពោះ៤ខែ តែរឿងនេះនៅមិនទាន់បែកធ្លាយដឹងដល់ឪពុកម្ដាយនាងឡើយ ព្រោះនាងមានបំណងចង់លាក់ពួកគាត់ ដោយសារតែនាងទុកចិត្តគូស្នេហ៍របស់នាង ថាគេនឹងទទួលខុសត្រូវលើរូបនាងនិងក្មេងក្នុងផ្ទៃ ហើយនឹងជាប្ដីដ៏ល្អរបស់នាងទៅថ្ងៃអនាគតបាន ។
នារីដដែលបានបន្ដថា លុះដល់ថ្ងៃទី៣០ ខែធ្នូ ម្ដាយរបស់នាងក៏ដឹងថានាងមានផ្ទៃពោះ ហើយក៏បានសួរនាំសម្លុតកំហែង ដោយបារម្ភខ្លាចសង្សាររបស់នាងដោះដៃ ទៅនាំនាងមកកាន់សាលាសង្កាត់ ដើម្បីឱ្យអាជ្ញាធរជួយអន្ដរាគមន៍ ដាក់បន្ទុកឱ្យខាងប្រុសទទួលខុសត្រូវលើរូបនាង។ នាងថា មួយរយៈក្រោយពេលដឹងថានាងមានផ្ទៃពោះ បុរសជាសង្សារហាក់មិនសូវមិនលេង និងសួរសុខទុក្ខនាងឡើយ យូរៗទើបមកម្ដង ។
ដោយឡែកតាមប្រភពពីមន្រ្ដីសាលាសង្កាត់ចោមចៅបានឱ្យដឹងថា បើករឿងរ៉ាវនេះកើតមានដោយការព្រមព្រៀងគ្នាបែបនេះ ដំបូងយើងមិនដាក់បន្ទុកជាបទល្មើសអ្វីឡើយ តែយ៉ាងណា ក្នុងនាមអាជ្ញាធរមូលដ្ឋាន នឹងចាត់វិធានការឱ្យខាងប្រុសមកទទួលខុសត្រូវលើរូបនាងខាងស្រី ដើម្បីឱ្យពួកគេអាចក្លាយជាប្ដីប្រពន្ធបាន ៕
ដោយ៖ វិបុល