ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃសុក្រ ០៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ លោកចូកូ វីដូដូ (Joko Widodo) ជា ប្រធានាធិបតី និងលោក ម៉ារូហ្វ អាម៉ឺន (Marrut Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀតក៏នឹងមានវត្តមាន
នៅក្នុងពិធីនោះផងដែរ។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបដោយឡែកជាមួយឯកឧត្តម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ លោកប្រធានាធិបតីឥណ្ឌនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
លោក ចូកូ វីដូដូ ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤។ ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ
របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕
ដោយ៖ សុខ ខេមរា