ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ សហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា(ស.ស.ស.ក) បានចេញលិខិតថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយ មេត្តាធម៌និងមនុស្សធម៌ របស់សប្បុរសជនជួយដល់ លោក សំរិទ្ធ ឯកសុវណ្ណ កំពុងសម្រាកព្យាបាលជម្ងឺ។
នៅក្នុងលិខិតបានបញ្ជាក់ថា៖ តាងនាមឲ្យថ្នាក់ដឹកនាំ សហភាពសហព័ន្អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តប្រកបដោយ មេត្តាធម៌និងមនុស្សធម៌ របស់សប្បុរសជន,ថ្នាក់ដឹកនាំនិងបុគ្គលិក ក្រុមហ៊ុន CBS, គណៈនាយក ទីប្រឹក្សា និងសមាជិក-សមាជិកា ស.ស.ស.ក,ព្រមទាំងមិត្តអ្នកសារព័ត៌មាន ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនជួយដល់ លោក សំរិទ្ធ ឯកសុវណ្ណជានាយករងព័ត៌មានទូរទស្សន៍ CNC នៃក្រុមហ៊ុន CBS និងជា សមាជិកលេខាធិការដ្ឋាននៃស.ស.ស.ក
ដែលលោកកំពុងមានជំងឺសម្រាកព្យាបាលនៅប្រទេសថៃ ហើយត្រូវការចំណាយខ្ពស់ និងត្រូវការបញ្ចូលឈាមក្នុង១ថ្ងៃ១ឃ្លោក។ ចំនួនថវិកាដែលទទួលបានរយៈពេល៣ថ្ងៃ សម្រាប់ជួយរំលែកសម្រាលបន្ទុកគ្រួសារ លោក សំរិទ្ធ ឯកសុវណ្ណ មានចំនួន ៩,០៦៨ដុល្លារ (ប្រាំបួនពាន់ហុកសិបប្រាំបីដុល្លារគត់)៖
១-លោក ឌី វិជ្ជា និងលោកស្រី ថវិកាចំនួន ១,000ដុល្លារ។
២- ថ្នាក់ដឹកនាំនិងបុគ្គលិកនៃ ក្រុមហ៊ុនCBS ថវិកាចំនួន ៤,៦៤៨ដុល្លារ។
៣- ថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក-សមាជិកាស.ស.ស.ក ថវិកាចំនួន ៣,៤២០ដុល្លារ។
កាយវិការសប្បុរសធម៌ដ៏ប្រពៃនេះ ពិតជាមានគុណតម្លៃប្រៀបបានឱសថទិព្វ ជួយលើកទឹកចិត្តនិងកម្លាំងចិត្តដ៏ធំធេងដល់ លោក សំរិទ្ធ ឯកសុវណ្ណ និងក្រុមគ្រួសារក្នុងការជម្នះតស៊ូតតាំងជាមួយនឹង ជំងឺមេរោគក្នុងឈាម ដែលកំពុងយាយីរូបកាយគាត់។ កាយវិការនេះក៏បង្ហាញថា៖ យើងយកចិត្តទុកដាក់ដោយគុណធម៌ មិនទុកឲ្យចោលមិត្តនិងសហការីរបស់យើងណាម្នាក់ឲ្យឯការគ្មានភាពកក់ក្តៅនោះទេ។
ជួសមុខឲ្យក្រុមគ្រួសារ លោក សំរិទ្ធ ឯកសុវណ្ណ ខ្ញុំក៏សូមយកឱកាសនេះ គោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមនុស្សធម៌ជួយគ្នាក្នុងគ្រាលំបាក។ សូមបុណ្យកុសលនៃសទ្ធាដ៏ជ្រះថ្លានេះតបស្នងជូនលោកអ្នកឲ្យប្រកបតែពុទ្ធពរទាំង៤ប្រការ វិបុលសុខមហាប្រសើរ និងទទួលបានជោគជ័យគ្រប់ភារកិច្ចដោយកិត្តិយស៕ដោយ៖ សុខ ខេមរា