ទីក្រុងវ៉ាសុីនតោន៖ ពេលថ្មីៗនេះរដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក បានប្រកាសលាលែងចេញពីតំណែង ដោយមិនបញ្ជាក់ពីមូលហេតុនោះឡើយ ដោយគ្រាន់តែលើកឡើងថា ចង់ចំណាយពេលជាមួយគ្រូសារតែប៉ុណ្ណោះ ។ នៅពេលនេះរដ្ឋមន្ត្រីអាមេរិកមួយរូបទៀត គឺរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លាលែងពីតំណែង។
ការលាលែងចេញពីតំណែងរបស់មន្ត្រីជាន់ខ្ពស់នៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ដោយសារតែបញ្ហាផ្សេងៗ ពិសេសគឺខ្វែងគំនិតជាមួយប្រធានាធិបតី ដូណាលត្រាំ ។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងថាមពលបានសម្រេច លាលែងចេញពីតំណែង ជាសញ្ញាអាក្រក់ ដល់ប្រធានាធិបតីត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០។
កាលពីថ្ងៃទី១៧ ខែតុលា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងថាមពល លោក Rick Perry បានបំពេញការងារបានយ៉ាងល្អ។ ការចាកចេញរបស់លោក Perry គឺមានជាប់ពាក់ព័ន្ធការស្រាវជ្រាវ ឈានដល់ការចោទប្រកាន់ទោស ប្រធានាធិបតីដូណាលត្រាំ។
មានប្រសាសន៍នៅក្នុងរដ្ឋតិចសាស ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា លោក Rick Perry បានបំពេញភារកិច្ចយ៉ាងល្អ ពេលកាន់តំណែងជារដ្ឋមន្ត្រីថាមពល ប៉ុន្តែពេលនេះដល់វេលាដែលលោកត្រូវចាកចេញ ដោយរយៈកាត់តំណែង៣ឆ្នាំរបស់លោក គឺពិតជាយូរហើយ។ លោក ត្រាំ ប្រកាសថានឹងរកមនុស្សមកជំនួសតំណែង ក្នុងពេលឆាប់ៗនេះ។
ការប្រកាសខាងលើរបស់លោកត្រាំ គឺមុនមួយថ្ងៃ ដែលតំណាងរាស្ត្រ រដ្ឋសភាអាមេរិក បានកំណត់ពេលវេលាចុងក្រោយឲ្យលោក Perry ត្រូវ ប្រគល់ឯកសារពាក់ព័ន្ធការស្រាវជ្រាវ ចោទប្រកាន់ទោសប្រធានាធិបតីដូណាលត្រាំ ។ នៅពេលនេះគេមិនទាន់ដឹងពីពេលវេលាដែលលោកPerry លាលែងចេញពីតំណែងនោះឡើយ។
កន្លងមកថ្មីៗ រដ្ឋមន្ត្រីសុខជាតិអាមេរិក លោក Kevin McAleenan បានលាលែងចេញពីតំណែងផងដែរ។លោកបានដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ប្រធានាធិបតី នៅថ្ងៃទី១១ ខែតុលា កន្លងមក។
លោកត្រាំ បានបកស្រាយពីមូលហេតុ ដែលលោក Kevin McAleenan លាលែងចេញពីតំណែងថា លោកចង់ចំណាយពេលវេលាសម្រាប់គ្រួសារ និងប្រកបអាជីវកម្មផ្ទាល់ខ្លួន៕
ដោយ៖ មែវ សាធី