លោក ថោ ជេដ្ឋា ចុះពិនិត្យដំណើរការការងាររៀបចំដំឡើងម៉ាស៊ីុនបូមទឹកជូនប្រជាកសិករ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារក្រសួង រួមនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យដំណើរការការងាររៀបចំដំឡើងម៉ាស៊ីនបូមទឹកបន្ថែម ដើម្បីបូមប្រមូលទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការដាំដុះដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

លោករដ្ឋលេខាធិការ បានថ្លែងនៅក្នុងពេលចុះពិនិត្យការងារថា ការងារបូមប្រមូលទឹកនៅក្នុងខេត្តត្បូងឃ្មុំ គឺក្រុមការងាររបស់យើងកំពុងដំណើរការនៅក្នុងឃុំចំនួន ០២ នៃស្រុកក្រូចឆ្មារ គឺឃុំព្រែកអាជី និងឃុំរការខ្នុរ ។ លោកបន្តថា សម្រាប់ឃុំព្រែកអាជី គឺយើងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០១ គ្រឿង ដោយធ្វើការបូមយកទឹកពីទន្លេមេគង្គ មកបញ្ចូលក្នុងព្រែកគគី សម្រាប់ផ្គត់ផ្គង់ឱ្យផ្ទៃដីដំណាំស្រូវប្រាំងចំនួន ៣៧១ ហិកតា ។

លោករដ្ឋលេខាធិការ បានបន្តទៀតថា ចំណែកឯឃុំរការខ្នុរ កន្លងមកយើងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០១ គ្រឿង ដូចគ្នា ដោយធ្វើការបូមយកទឹកពីព្រែករកាខ្នុរ មកបញ្ចូលក្នុងប្រឡាយអាងទឹកបឹងធំ ប្រវែង ៤.០០០ ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ឱ្យផ្ទៃដីដំណាំស្រូវប្រាំង ចំនួន ៤៥៥ ហិកតា។ ប៉ុន្តែទន្ទឹមនឹងការដាំដុះដំណាំស្រូវប្រាំងយ៉ាងមមាញឹក បច្ចុប្បន្នប្រជាកសិករនៅឃុំរការខ្នុរ បាន និងកំពុងបន្តដាំដុះដំណាំកសិឧស្សាហកម្ម និងដំណាំបន្ទាប់បន្សំមួយចំនួនបន្ថែមទៀត ដូចជា ថ្នាំជក់ និងដំណាំពោត លើផ្ទៃដីប្រមាណ ៦៧០ ហិកតា ។

ពិនិត្យឃើញស្ថានភាពនេះ លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឱ្យក្រុមការងាររបស់យើង រៀបចំដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០១ គ្រឿង បន្ថែមលើ ០១ គ្រឿង ដែលកំពុងដំណើរការស្រាប់ ដើម្បីបូមប្រមូលទឹកឱ្យបានទាន់ពេលវេលា សម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាកសិករ ។

លោកបញ្ជាក់ថា ការងារដំំឡើងម៉ាស៊ីនបូមទឹកបន្ថែមនៅក្នុងឃុំរការខ្នុរនេះ គឺបានរួចរាល់ហើយ និងកំពុងដាក់ឱ្យដំណើរការបូមចាប់ពីរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៥ តទៅ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print