មានជំងឺរួមរឹតពេញខ្លួនសរសេរសំបុត្រទុកឲ្យប្រពន្ធកូនរួចលួចទៅចងកសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តកណ្ដាល: គួរឲ្យខ្លោចផ្សាណាស់ ដែលបុរសវ័យចំណាស់ម្នាក់ ហេតុតែមិនចង់ឲ្យប្រពន្ធកូនលំបាកចិត្តដោយសារគាត់មានជំងឺ ក្នុងការចំណាយលុយកាក់ច្រើន បានសម្រេចចិត្តសរសេរពាក្យបណ្តាំទុកមួយច្បាប់រួចធ្វើអត្តឃាតចងក ស្លាប់ដូចបំណង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៣ យប់ ឈានចូល ថ្ងៃ សៅរ៍ ៦រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចចម្ការរបស់ខ្លួន ស្ថិតភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្តីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀ យី ភេទប្រុស អាយុ ៦៤ ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំខាងលើ មានជំងឺប្រចាំកាយយូរខែមកហើយ ព្យាបាលមិនជា ។

ក្រុមគ្រួសារសពបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយយូរខែមកហើយទោះបីទៅព្យាបាលនៅមន្ទីរពេទ្យឬគ្រូខ្មែរយ៉ាងណាក៏មិនកាក់កបដែរ ។ លុះប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះចេះតែត្អូញថា មិនចង់រស់ទេព្រោះ មិនចង់ឲ្យលំបាកដល់ប្រពន្ធកូន ។ លុះមកដល់យប់កើតហេតុ ពេលប្រពន្ធកូនដេកលង់លក់អស់ ជនរងគ្រោះបានលួចចំពីលើផ្ទះទៅចងកសម្លាប់ខ្លួនបានសម្រេចនៅដើមឈើមួយដើមក្នុងចម្ការក្រោយផ្ទះ ដោយបន្សល់លិខិតលា សុំទោសប្រពន្ធកូន និងទុកលុយខ្មែរនិងលុយដុល្លារមួយចំនួនផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ ធ្វើកោសល្យវិច័យពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print