ភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយសាររូបគេបានលួចម៉ូតូជនរងគ្រោះហើយយកទៅលក់បាន២ថ្ងៃ ក៏ត្រូវម្ចាស់ម៉ូតូប្រទះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ង្វៀន យុំាងលោម ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅផ្ទះក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ ចំណែកស្រ្តីរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះគិន យាន អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ គាត់បានជិះម៉ូតូម៉ួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1CN-6992 ទៅលេងផ្ទះបងប្អូនឈ្មោះលឹម សុវណ្ណ នៅក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយ ប៉ាក ខណ្ឌឬស្សីកែវ ដោយចតម៉ូតូទុកនៅខាងក្រោយផ្ទះ។ ពេលនោះស្រាប់តែជនសង្ស័យបានមកធ្វើកម្មភាពលួចកាច់កយកទៅបាត់ ។ បន្ទាប់នៅថ្ងៃទី៩ ខែកក្កដា ជនសង្ស័យបានទៅសុំលេខទូរស័ព្ទម្ចាស់ម៉ូតូពីឈ្មោះ លឹម សុវណ្ណ រួចហើយបានទូរស័ព្ទទៅប្រាប់ថា បើចង់បានម៉ូតូឲ្យយកលុយ៥០០ដុល្លារទៅលោះនៅឃ្លាំងរំសេវ គេនឹងជូនទៅលោះ ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីដឹងហើយខ្លួនក៏បានទាក់ទងជាមួយជនសង្ស័យ នៅវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែកក្កដា និងបានទៅជួបជនសង្ស័យជូនទៅលោះម៉ូតូមកវិញ ដោយមិនហ៊ានប្រាប់សមត្ថកិច្ច និងប្រាប់បងប្អូនឲ្យដឹងទេ ខ្លាចជនសង្ស័យរត់បាត់អត់បានទៅលោះម៉ូតូមកវិញ ។
ចំណែកឈ្មោះលឹម សុវណ្ណ បានឆែកមើលកាំមេរ៉ាសុវត្ថិភាពនៅជាប់នឹងផ្ទះរបស់គាត់ ក៏ឃើញមុខជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ ក៏បានដាក់បណ្តាញតាមរកជនសង្ស័យ ។ ទើបនៅព្រឹកថ្ងៃទី១០ ខែកក្កដា ក៏ប្រទះឃើញជនសង្ស័យចូលផ្ទះ ក៏បានចុះទៅព័ទ្ធចាប់ជនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ស្វាយប៉ាក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋានខណ្ឌឬស្សីកែវចាត់ការតាមច្បាប់ ៕ វិបុល