ហួសចិត្ត!! ក្រុមចោរគាស់បង្អួច ចូលលួចលុយក្នុងសាខាពន្ធដារខណ្ឌដង្កោដែលនៅចំពីមុខប៉ុស្ដិ៍នគរបាលជើងឯក យកលុយទៅបាត់ជាង៦ម៉ឺនដុល្លារ អាចផ្ទៃក្នុងអោយដៃ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យកោសល្យវិច័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោបានបើកការស្រាវជ្រាវជុំវិញករណីក្រុមចោរគាស់បង្អួច ចូលលួចលុយក្នុងសាខាពន្ធដារខណ្ឌដង្កោវេចខ្ចប់យកលុយទៅបាត់ជាង៦ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក ផ្លូវ២១៧ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខឯកជនម្នាក់បានឲ្យដឹងថា៖ នៅយប់ថ្ងៃកើតហេតុរូបគាត់បានឈប់សំរាកនៅផ្ទះ លុះព្រឹកឡើងពេលមកយាមនៅសាខាពន្ធដារខណ្ឌដង្កោវិញស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍ជើងឯកដឹកគាត់យកមកសាកសួរ។

ពាក់ព័ន្ធករណីក្រុមចោរចូលលួចក្នុងពន្ធដារខាងលើនេះ មហាជនហួសចិត្តនិងរិះគន់ទៅលើលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ពិតជាអសមត្ថភាពដែលបណ្តែតបណ្តោយឲ្យជនសង្ស័យថ្លើមធំហ៊ានចូលលួចលុយក្នុងសាខាពន្ធដារខណ្ឌដង្កោ ដែលនៅចំពីមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក។ ពិសេសបញ្ហាក្នុងមូលដ្ឋាននគរបាលខណ្ឌដង្កោ ពេលប្រជាពលដ្ឋទៅដាក់ពាក្យប្តឹងរឿងចូលគាស់ផ្ទះយកម៉ូតូ ទ្រព្យសម្បត្តិ គឺពិបាកណាស់ ដូចអូសឫស្សីបញ្ច្រាស់ចុង ដោយមិនយកចិត្តទុកដាក់តែម្តង។

ជាមួយគ្នានោះ មហាជនកំពុងតែរង់ចាំមើលថា តើសមត្ថកិច្ចខណ្ឌដង្កោនិងកម្លាំងជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ អាចស្រាវជ្រាវវែកមុខចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសបានឬទេ ។ ករណីខាងលើគេសង្ស័យខ្មោចខាងក្នុងអោយដៃ ទើបខ្មោចខាងក្រៅមានឱកាសទៅគាស់ទូលុយបានដោយងាយ ហើយគេសន្និដ្ឋានថា សមត្ថកិច្ចងាយនឹងក្តាប់មុខសញ្ញាក្នុងរឿងនេះ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print