កូរ៉េខាងជើង៖ មិនខ្វល់ពីការព្រមាន ពីប្រទេសមហាអំណាចអាមរិក កូរ៉េខាងជើងនៅតែបន្តសាកល្បង កាំជ្រួចមីស៊ីល ដោយជោគជ័យ ជាថ្មីម្តងទៀតនៅ រសៀលថ្ងៃទី ៣១ខែតុលា ។ ការសាកល្បងនៅពេលនេះគឺជាប្រភេទរ៉ុក្កែតខ្នាតធំ ។
ការសាកល្បងជាថ្មីនោះគឺជាសារ ផ្ញើទៅកាន់អាមេរិកថា កូរ៉េខាងជើងមិនខ្វល់ពីការដាក់ទណ្ឌកម្ម ពីអាមេរិកនោះឡើយ ដោយនៅតែបន្តផលិតអាវុធដើម្បីការពារជាតិ។ កន្លងមកកូរ៉េខាងជើង បានប្រកាស ថា នឹងពិភាក្សាជាមួយអាមេរិក ក្នុងនាមជាប្រទេសបរមាណូដូចគ្នា។
តាមសារព័ត៌មាន KCNA នៅថ្ងៃទី ១ ខែវិច្ឆិកា បានផ្សាយថា៖ មជ្ឈមណ្ឌល វិទ្យាសាស្ត្រយោធា របស់កូរ៉េខាងជើង បានសាកល្បងទទួលបានជោគជ័យជាថ្មីម្តងទៀត នៅប្រព័ន្ធបាញ់រ៉ុក្កែតខ្នាតធំ កាលពីថ្ងៃទី ៣១ ខែតុលា ។
មេដឹកនាំគីមជុងអ៊ុនបង្ហាញការពេញចិត្តយ៉ាងខ្លាំង ហើយផ្ញើសារអបអរសាទរដល់ ក្រុមវិទ្យាសាស្ត្រការពារជាតិ ដែលបានខិតខំ បង្កើនកម្លាំងការពារជាតិយ៉ាងរឹងមាំ ពិសេសគឺអាវុធទំនើបៗ។
កន្លងមក អគ្គមេបញ្ជាការ កងពលចំរុះ កូរ៉េខាងត្បូង JCS បានប្រកាសឲ្យដឹងថា ៖ ការបាញ់ សាកល្បងរ៉ុក្កែតខាងលើ ធ្វើឡើងនៅវេលាម៉ោង ៤និង៣៥នាទី និងម៉ោង ៤: ៣៨នាទី រសៀលថ្ងៃទី ៣១ខែតុលា ( ម៉ោងក្នុងតំបន់) រ៉ុក្កែតទាំងពីរ បានហោះហើរប្រមាណ ៣៧០ គីឡូម៉ែត្រ ក្នុងកម្ពស់ ៩០គីឡូម៉ែត្រ ។ នេះជាការបាញ់សាកល្បង លើកទី ១២ហើយរបស់ទីក្រុងព្យុះយ៉ាងនៅក្នុង ឆ្នាំ ២០១៩។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រសួងការពារជាតិជប៉ុន ក៏បានបញ្ជាក់ផងដែរថា រ៉ុក្កែតកូរ៉េខាងជើង មិនបានធ្លាក់ចូលក្នុងតំបន់សមុទ្រ របស់ជប៉ុននោះឡើយ ៕
ដោយ៖ មែវ សាធី