ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គ្រឹះស្ថានសិក្សារបស់រដ្ឋចំនួន២៤កន្លែងនៅក្នុងភូមិសាស្ត្រខណ្ឌច្បាររអំពៅត្រូវបានបើកបវេសនកាលព្រមៗគ្នានៅតាមគ្រឹះស្ថានសិក្សានីមួយៗ ក្នុងនោះវិទ្យាល័យច្បារអំពៅបើកបវរសនកាលក្រោមវត្តមានលោករស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅ វិទ្យាល័យព្រែកឯងក្រោមវត្តមានលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ , សាលាបឋមសិក្សា~អនុវិទ្យាល័យ ហ៊ុន សែន ព្រែកប្រា ក្រោមវត្តមានលោកស្រីហេង សុវត្ថា អភិបាលរងខណ្ឌ ។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅគ្រប់គ្រឹះស្ថានសិក្សានេះ គណៈអធិបតីបានលើកឡើងថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទាំងផ្នែកបរិមាណ និងគុណភាព ។ ដូច្នេះសូមផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីអោយក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ សំខាន់ជាងនេះទៅទៀតត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជនទំពាំងស្នងឫស្សីប្រកបដោយគុណភាព ។ លើសពីនេះទៀតសូមអំពាវនាវអោយសិស្សានុសិស្សទាំងអស់ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺត្រូវពាក់មួយ សុវត្ថិភាពនៅពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់ជានិច្ចពេលបើកបររថយន្ត ហើយក៏អំពាវនាវអោយយុវជនទាំងអស់ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។ និងសូមសំណូមពរដល់មាតាបិតា ត្រូវជួយជំរុញនិងផ្កល់ឱកាសឱ្យកូនរៀនបានចប់ចុងចប់ដើម។
ជាមួយគ្នានោះគណៈអធិបតី ក៏បានផ្តល់ដំបូន្មាន ក៏ដូចជាការចែករំលឹកចំណេះដឹងមួយចំនួន ដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ថា ៖ ការរៀនសូត្រមិនមែនរៀនលំៗ យករួចខ្លួននោះទេ ពោលត្រូវដាក់ទាំងកាយ និងចិត្ត ក្នុងការរៀនសូត្រក្រេបយកចំណេះដឹង និងចំណេះធ្វើអោយបានច្បាស់លាស់ប្រាកដប្រជា សម្រាប់ខ្លួនឯងទៅថ្ងៃមុខ ។ សិស្សណាដែលរៀនពូកែនិងទទួលបាន ពិន្ទុល្អ ជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងពេលប្រលង នោះគឺជាការខិតខំរបស់សិស្សនោះហើយ ដែលព្យាយាមនឹងតស៊ូ ក្នុងការប្រឹងប្រែងរៀនសូត្រ ហើយការប្រឹងប្រែងនៅពេលនេះ គឺជាចំណេះដឹងដ៏ប្រសើរមួយសម្រាប់ខ្លួនឯង យកវាទៅប្រើប្រាស់ទៅថ្ងៃអនាគត និងដើម្បីប្រើប្រាស់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមជាតិយើងទាំងមូលផងដែរ អោយសមទៅនឹងសុភាសិតខ្មែរនិយាយថា “ ទំពាំងស្នងឬស្សី ” ។
ក្នុងឱកាសបវេសនការ ខាងលើនេះដែរ គណៈអធិបតីក៏បានធ្វើពិធីប្រគល់ប័ណ្ឌសសើររួម និង ថវិការមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ និងលោកនាយកសាលា ចំពោះការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស កន្លងមក ៕
ដោយ៖ សណ្តោស