សារព័ត៌មាន CNA នៅថ្ងៃទី៣១ខែតុលាបានដកស្រង់សំដីរដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា នឹងបង្កើនការដាក់សម្ពាធលើមហាយក្សចិន ជុំវិញបញ្ហាជាច្រើនដោយចោទថា ទីក្រុងប៉េកាំង តែងប្រកាន់ភ្ជាប់នូវគោលនយោបាយគឃ្លើន ប្រឆាំងនឹងសហរដ្ឋអាមេរិក។
ថ្លែងនូវសុន្ទរកថាមួយទៅកាន់វិទ្យាស្ថាន ហ៊ូដសុន (Hudson) របស់ក្រុមអ្នកអភិរក្សនិយម ក្នុងទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះយើងបានដឹងពីកម្រិតដែលគណបក្សកុម្មុយនិស្ដចិន កំពុងប្រកាន់នយោបាយគឃ្លើនប្រឆាំងនឹងសហរដ្ឋអាមេរិក និងតម្លៃរបស់យើង…»។ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបន្ថែមថា សហរដ្ឋអាមេរិកមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយចិននោះទេ តែទីក្រុងវ៉ាស៊ីនតោននៅតែចង់លើកទឹកចិត្តឱ្យចិនធ្វើ «សេរីភាវូបនីយកម្ម» បន្ថែមទៀត។
គួរជម្រាបថា បើតាមលោក ម៉ៃក៍ ប៉ុមប៉េអូ លោកផ្ទាល់នឹងធ្វើសុន្ទរកថាបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខទៀត នេះជុំវិញការប្រឆាំងនឹងទីក្រុងប៉េកាំងលើវិស័យនានា ព្រមទាំងបញ្ហាមួយចំនួនរាប់ចាប់ពីមនោគមវិជ្ជា រហូតដល់ពាណិជ្ជកម្ម ព្រមទាំងការបង្កើនឥទ្ធិពលចិននៅសហរដ្ឋអាមេរិកជាដើម។
រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា គណបក្សកុម្មុយនីស្តចិន មានមហិច្ឆតាធំណាស់ គឺចង់គ្រប់គ្រងពិភពលោក ហើយអាមេរិក ត្រូវតែហ៊ានប្រឈមមុខ តតាំងជាមួយចិន ដើម្បីការពារតម្លៃនៃលិទ្ធិសេរីនិយម។វិទ្យាស្ថានHudson ដែលជាបណ្តុំនៃអ្នកស្រាវជ្រាវវិភាគ មានទំនោរអភិរក្សនិយមនៅអាមេរិក បានរៀបចំកម្មវិធីរាត្រីស្រមោលសប្រចាំឆ្នាំរបស់ខ្លួន ដោយបានអញ្ជើញលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅចូលរួមផងដែរ។ នៅក្នុងសន្ទរកថា របស់លោក Pompeo លោកបាននិយាយសង្កត់ខ្លាំង រិះគន់រដ្ឋាភិបាល និងបក្សកម្មុយនីស្តចិន។
លោក Mike Pompeo លើកឡើងថា អាមេរិក មានសមានចិត្តស្រលាញ់រាប់អានប្រជាជនចិនណាស់ ក៏ប៉ុន្តែអាមរិក ត្រូវតែប្រយ័ត្នជាមួយនឹង រដ្ឋាភិបាលចិន ដែលស្ថិតក្រោមការកាន់កាប់ របស់គណបក្សកុម្មុយនីស្តចិន ព្រោះបក្សនេះជាបក្សដែលដើរតាមទ្រឹស្តី ម៉ាក្ស-ឡេនីន ហើយដែលមានមហិច្ឆតាត្រួតត្រាពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាមេរិក បន្ថែមថា បក្សកម្មុយនីស្តចិនស្អប់សហរដ្ឋអាមេរិកណាស់ ហើយបានប្រើប្រាស់គ្រប់វិធី ដើម្បីបង្កបញ្ហា ប្រជែងជាមួយអាមេរិក ក៏ដូចជាបង្កបញ្ហាលំបាកផ្សេងៗ ឲ្យដល់ពិភពលោក។ ដូច្នេះ យើងទាំងអស់ ត្រូវតែរួមគ្នា ហ៊ានតតាំង ប្រឈមមុខជាមួយអំណាចបក្សកុម្មុយនីស្តចិន។ លោកបន្តថា អំណេះតទៅ យើងមិនអាចបដិសេធ មិនទទួលស្គាល់បានទេ ថាប្រព័ន្ធដឹកនាំនយោបាយឬសេដ្ឋកិច្ច រវាងអាមេរិក និងចិន មានលក្ខណៈផ្ទុយគ្នាកម្រិតណា។ ហើយយើងក៏ត្រូវទទួលស្គាល់ដែរ ថាភាពផ្ទុយគ្នានេះ វាអាចជះផលអាក្រក់កម្រិតណា ដល់សន្តិសុខជាតិអាមេរិក។ ជាចុងក្រោយ លោក Mike Pompeo បានលើកឡើង ពីគ្រោះថ្នាក់ទាក់ទិន នឹងការបង្កើនសមត្ថភាពសព្វាវុធ របស់កងទ័ពចិន នារយៈពេល១០ឆ្នាំចុងក្រោយនេះ។
គួរកត់សំគាល់ថា សម្តីរិះគន់វាយប្រហារចិនដោយចំៗ របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកនេះ គឺធ្វើឡើងចំពេល ដែលអាមេរិក និងចិន កំពុងប្រុងប្រៀបចុះហត្ថលេខាជាមួយគ្នា លើកិច្ចព្រមព្រៀងមួយ ដើម្បីបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម។ ចំណេកកាលពីសប្តាហ៍មុន លោក Mike Pence អនុប្រធានាធិបតីអាមេរិក ក៏បាននិយាយរិះគន់ចិនដែរ ទាក់ទិននឹងបញ្ហាគោរពសិទ្ធិមនុស្ស។ លោក Mike Pence បានរិះគន់ផងដែរ អំពីរបៀបធ្វើជំនួញស៊ីខ្សែលើរបស់ចិន ព្រមទាំងវិធីសាស្ត្ររបស់ចិន ក្នុងការច្បាម ពង្រីកឥទ្ធិពលនៅតាមប្រទេសនានា។
ចំណែកគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ទើបតែបានបិទបញ្ចប់ការប្រជុំ នៅថ្ងៃព្រហស្បតិ៍ទី៣១តុលា ក្រោមប្រធានបទសំខាន់ៗ ដែលចិនកំពុងតែពើបប្រទះ ក្នុងនោះមានបញ្ហាសេដ្ឋកិច្ច សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបញ្ហាវិបត្តិនៅហុងកុងជាដើម។ ក្រោយការប្រជុំដ៏ធំនេះ គណបក្សកុម្មុយនីស្តចិន បានប្រកាសថា បក្សកុម្មុយនីស្តនឹងប្តេជ្ញាការពារ ស្វយ័តភាព របស់ហុងកុង ដោយគោរពតាមរដ្ឋធម្មនុញ្ញចិន។
“គណបក្សកុម្មុយនីស្តចិន ប្តេជ្ញាការពារស្ថិរភាព និងស្វយ័តភាព របស់ហុងកុង”។ នេះគឺជាការប្រកាស របស់គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលចុះផ្សាយដោយសារព័ត៌មាន ចិនថ្មី ដែលជាសារព័ត៌មានផ្លូវការ របស់រដ្ឋចិន។ នៅក្នុងសេចក្តីប្រកាស ដ៏វែងអន្លាយនេះ គណបក្សកុម្មុយនិស្តចិន បានទទួលស្គាល់ថា ប្រទេសចិន នាពេលបច្ចុប្បន្ននេះ កំពុងប្រឈមមុខនិងបញ្ហាស្មុគស្មាញមួយចំនួន ហើយបញ្ហាទាំងនេះ បានធ្វើឲ្យកើនឡើងនូវហានិភ័យ មិនថានៅក្នុងស្រុក ឬនៅខាងក្រៅស្រុក។
សូមបញ្ជាក់ថា សន្និបាទនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ដែលមានរយៈពេល៤ថ្ងៃ បានបិទបញ្ចប់ទៅ កាលពីថ្ងៃព្រហស្បតិ៍ទី៣១តុលា។ សមាជិក ទាំង៣៧០នាក់ នៃស្ថាប័នអំណាចកំពូលនេះ បានប្រជុំជជែកគ្នា ជុំវិញបញ្ហាជាច្រើនដែលចិនកំពុងជួបប្រទះ។ បញ្ហាទាំងនោះ មានដូចជា ការចុះអន់ថយនូវសន្ទុះសេដ្ឋកិច្ច បញ្ហាសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក និងវិបត្តិនៅហុងកុង។ ជាការកត់សំគាល់ នៅក្នុងសន្និបាទលើកនេះ គេសង្កេតឃើញថា គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន មិនបានដាក់ចុះ ឬសម្រេចអ្វីមួយឲ្យច្បាស់ប្រាកដទេ មិនថាទាក់ទិននឹងបញ្ហានយោបាយផ្ទៃក្នុង បញ្ហាសេដ្ឋកិច្ច ឬនយោបាយការបរទេស។
ដោយឡែក ទាក់ទិននឹងបញ្ហាហុងកុង គណបក្សកុម្មុយនីស្តចិន បានលើកឡើងថា “បក្សកុម្មុយនីស្ត សូមសន្យាគាំទ្រ និងធ្វើឲ្យកាន់តែល្អប្រសើរ នូវខ្លឹមសារនៃគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធពីរ ដែលអនុវត្តទៅលើដែនដីស្វយ័តហុងកុង តាំងតែពីឆ្នាំ១៩៩៧មក”។ តែយ៉ាងណា ក៏ដោយ នៅក្នុងសេចក្តីថ្លែងការនេះ គេមិនមានលំអិតទេ ថាគណបក្សកុម្មុយនីស្តចិន មានគម្រោង មានវិធានការអ្វីខ្លះ ឲ្យបានល្អិតល្អន់។ សេចក្តីប្រកាស គ្រាន់តែរៀបរាប់ថា “បក្សកុម្មុយនីស្តនឹងដឹកនាំគ្រប់គ្រង តំបន់ស្វយ័តហុងកុង ដោយគោរពឲ្យបានជាដាច់ខាត លើគោលការណ៍របស់រដ្ឋធម្មនុញ្ញចិន ក៏ដូចជាច្បាប់គ្រិះរបស់ហុងកុង ដើម្បីការពារស្ថិរភាព និងភាពរុងរឿងរបស់ហុងកុង ឲ្យបានយូរអង្វែងទៅមុខ”។
សូមរំលឹកថា ហុងកុង គឺជាតំបន់ស្វយ័ត ដែលអង់គ្លេសបានប្រគល់មកឲ្យចិនវិញនៅឆ្នាំ១៩៩៧។ ខុសពីចិនដីគោក ហុងកុងមានរដ្ឋធម្មនុញ្ញពិសេសមួយ ដាច់ដោយឡែក ដែលបើកសិទ្ធិសេរីភាពឲ្យប្រជាជនហុងកុង។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិសេរីភាពជាមូលដ្ឋានទាំងនេះ ត្រូវបានប្រជាជនហុងកុងគិតថា កំពុងស្ថិតក្នុងគ្រោះថា្នក់។ អស់រយៈពេលប្រមាណ៥ខែមកហើយ ដែលប្រជាជនហុងកុង បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីទាមទារឲ្យបក្សកុម្មនីស្តចិន ដកថយឈប់កៀបសង្កត់សិទ្ធិសេរីភាពនៅហុងកុង៕
ដោយ៖ មែវ សាធី