ខេត្តព្រះសីហនុ ៖ បុរសស្ត្រី២នាក់ប្តីប្រពន្ធបានស្លាប់ទាំង២នាក់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលជិះម៉ូតូហើយត្រូវរថយន្តបុក កាលពីក្រោយ នៅវេលាម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
របាយការណ៍បឋម ពីសមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយ រថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពាក់ស្លាកលេខភ្នំពេញ2M-6291 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ពាក់ស្លាក លេខភ្នំពេញ1BU-0932 ជិះ២នាក់ប្តីប្រពន្ធ អ្នកបើកបរឈ្មោះ ម៉ាក រស់ ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករសំណង់ ដឹកប្រពន្ធឈ្មោះ ប៉ុក ង៉ែត អាយុ ៤៥ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំងពីរមានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ មានទិសដៅស្របគ្នា បណ្តាលអោយស្លាប់ទាំង២នាក់ប្តីប្រពន្ធ ។
ក្រោយកើតហេតុរថយន្តបង្កបើករត់គេចបាត់ ប៉ុន្តែបានជ្រុះផ្លាកលេខរថយន្ត បន្សល់ទុកជាវត្ថុតាង សម្រាប់សមត្ថកិច្ចស្រាវជ្រាវរកម្ចាស់រថយន្ត។ សាកសពជនរងគ្រោះទាំងពីរបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីណ៍ រីឯវត្ថុតាង ម៉ូតូ ០១គ្រឿង និងផ្លាកលេខរថយន្ត បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ឆ្លាម សមុទ្រ
...