ករណីទណ្ឌិត សម រង្សុី ត្រូវភាគីថៃបិទច្រករបៀង(ថៃ-កម្ពុជា)ទាំងអស់ ទុកតែច្រកតំបន់-ច្រកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ មិនត្រឹមតែច្រកអានសេះ ខេត្តព្រះវិហារ ត្រូវទាហានឈុតខ្មៅថៃយករូប ទណ្ឌិត សម រង្សុី និងគូកន បិទនៅមាត់ច្រកប៉ុណ្ណោះទេ គឺករណីទណ្ឌិត សម រង្សុី ត្រូវភាគីថៃបិទច្រករបៀងទាំងអស់(ថៃ-កម្ពុជា) ទុកតែច្រកតំបន់-ច្រកអន្តរជាតិ ងាយធ្វើការត្រួតពិនិត្យ ។
ប្រភពពីតាមព្រំដែនកម្ពុជា-ថៃ បានអោយដឹងថា៖ មកទល់ម៉ោងនេះ ១១និង០០នាទីថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០១៩ គឺច្រករបៀងទាំងអស់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទទាំងស្រុងជាបណ្ដោះអាសន្ន ទុកតែច្រកតំបន់និងច្រកអន្ដរជាតិ។
ប្រភពបន្តថា៖ ច្រករបៀងទាំងអស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្ដោះអាសន្នចាប់ពីពេលនេះ និងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត រង់ចាំបទបញ្ជាថ្មីពីថ្នាក់ដឹកនាំ ខណៈរូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗអតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមមេឧទ្ទាមក្រៅច្បាប់សរុប៩នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា។
មន្ដ្រីយោធាជាន់ខ្ពស់របស់ប្រទេសកម្ពុជា ដែលឈរនៅតាមច្រកព្រំដែនកម្ពុជា-ថៃ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា «ច្រករបៀងតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរ ត្រូវបានបិទជាបណ្ដោះអាសន្ន ហើយនឹងបើកឡើងវិញ ក្រោយមានគោលការណ៍ថ្មីពីថ្នាក់ដឹកនាំរបស់យើង»។
ជាបណ្តាញព័ត៍មាន មន្ដ្រីយោធាកំពូលរូបនេះបានបញ្ជាក់ទៀតថា៖ ការធ្វើដំណើរចេញចូលទុកតែច្រកតំបន់ និងច្រកអន្ដរជាតិប៉ុណ្ណោះ ជាមួយការបន្ថែមកម្លាំងទាំងនគរបាល ទាំងអាវុធហត្ថ និងកងទ័ពខុសពីពេលធម្មតា។
សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
ទណ្ឌិត សម រង្សុី ត្រូវងាប់អាជីពនយោបាយ ត្រឹមមួយពព្រិចភ្នែកចុងក្រោយ ខណៈដើរដល់បន្ទាត់ក្រហមដល់ទៅ២ដំណាក់ការ ប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត និងផ្តួលរលំរបបរាជានិយមនោះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print