ភ្នំពេញ ៖ ក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១០,១១និង១២ខែវិច្ឆិកាឆ្នាំ២០១៩ដ៏ខ្លីខាងមុខនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាការពុលចំណីអាហារ និងត្រូវហូបចំណីអាហារមានអនាម័យ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ក្រសួងសជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននេះដោយសារតែព្រះរាជពិធីបុណ្យអុំទូកតែងតែមានប្រជាពលរដ្ឋរាប់លាន់នាក់ចូលរួមទស្សនាការប្រណាំងទូកនិងបរិភោគចំណីអាហារផ្សេងៗហើយមានចំណីអាហារខ្លះមិនមានអនាម័យដែលធ្វើឲ្យប្រជាពល រដ្ឋជួបបញ្ហាសុខភាពដូចជាឈឺពោះក្អួតចង្អោរ ឬជំងឺរាករូសជាដើម។
ក្រសួងសុខាភិបាល សូមស្នើឲ្យប្រជាពលរដ្ឋដែលមកកម្សាន្តនៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះត្រូវអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនដូចជាត្រូវពិសាទឹកស្អាតឬទឹកដាំពុះនិងបរិភោគចំណីអាហារដែលមានអនាម័យដើម្បីបញ្ចៀសកុំឲ្យមានការពុលចំណីអាហារនិងជំងឺតម្កាត់ផ្សេងៗដែលបណ្តាលមកពីការបរិភោគចំណីអាហារដែលមិនមានអនាម័យ។
លោក រដ្ឋមន្ត្រីបានក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវលាងដៃនឹងសាប៊ូអំឡុងពេលឬមុនពេលរៀបចំអាហារ មុនបរិភោគ និងក្រោយបន្ទោបង់។ លាងសំអាតបន្លែផ្លែឈើមុនពេលបរិភោគឲ្យបានស្អាត លាងសំអាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនអាហារឲ្យបានត្រឹមត្រូវ ចម្អិនអាហារឲ្យបានឆ្អិនល្អពិសេសសាច់ សត្វស្លាប ស៊ុតនិងអាហារសមុទ្រ។
ជាមួយគ្នានេះដែរលោក រដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋកុំច្រានឬប្រជ្រៀតគ្នាដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុហើយក្នុងករណីមានអាការៈវិលមុខ ឈឺក្បាលឬស្រវាំងភ្នែកត្រូវអង្គុយចុះនិងហៅរកអ្នកជួយសង្គ្រោះឬអាចធ្វើការទំនាក់ទំនងទៅកាន់លេខ១១៩សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់។
លោក រដ្ឋមន្ត្រីបានឲ្យដឹងទៀតថាសម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះក្រសួងសុខាភិបាលគ្រោងនឹងដាក់ពង្រាយគ្រូពេទ្យចំនួន១០៦៥នាក់និងរថយន្តសង្គ្រោះ៦៨គ្រឿង រថយន្តគ្លីនិកចល័ត ព្រមទាំងស្តង់ពិនិត្យសុខភាពចំនួន១២កន្លែងនៅតាមគោលដៅនីមួយៗទាំងនៅត្រើយខាងកើតនិងខាងលិចដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពស្រាលៗដោយឥតគិតថ្លៃ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាពសូមស្វែងរកសេវាពិនិត្យសុខភាពនៅតាមទីតាំងកំណត់ដូចខាងក្រោម១៖ រថយន្តគ្លីនិកចល័ត៤គ្រឿង ផ្តល់សេវា២៤ម៉ោង ៤កន្លែងដែលមានទីតាំងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅទីធ្លាមុខវត្តបុទុមវត្តី នៅជ្រោយចង្វារមណ្ឌល OCICនិងនៅជ្រោយចង្វារក្បែរសណ្ឋាគារសុខាភ្នំពេញ។
ចំណែកតង់សុខភាពចំនួន ១២ តង់មានទីតាំងទី១ នៅកោះពេជ្រ,ទី២ នៅស្តូបកម្ពុជា-វៀតណាម
,ទី៣ នៅសួនច្បារមុខនាយកដ្ឋានអង្គរក្ស,ទី៤ នៅបរិវេណសណ្ឋាគាររណសិរ្ស,ទី៥, នៅមុខគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ,ទី៦ នៅក្បែរវេទិកាកិត្តិយសខាងត្បូង,ទី៧ នៅក្បែរវេទិកាកិត្តិយសខាងជើង,ទី៨ នៅមុខវត្តឧណ្ណាលោម ព្រះគន្លង,ទី៩ នៅផែថ្មរាជធានីភ្នំពេញ,ទី១០, នៅគល់ស្ពានបេឡេត្រើយខាងកើត,ទី១១ នៅខាងត្បូងគល់ស្ពានបេឡេត្រើយខាងកើត មណ្ឌល OCICនិងតង់ទី១២ នៅរង្វង់មូលនាងមច្ឆាមណ្ឌល OCIC។
ក្នុងចំណោមរថយន្តសង្គ្រោះចំនួន៦៨គ្រឿងនោះមាន រថយន្តសង្គ្រោះចំនួន ៣៩គ្រឿងដាក់ ប្រចាំការតាមកន្លែងដូចខាងក្រោម៖មាន១១ គ្រឿង ប្រចាំការនៅតង់សុខភាពទាំង១២កន្លែង (២៤ម៉ោង) ១៦ គ្រឿង ប្រចាំការតាមដងផ្លូវ កន្លែងសាធារណៈ តាមដងទន្លេទាំងសងខាង និងទីកន្លែងផ្សេងៗពីគ្នា។
រថយន្តសង្គ្រោះ១២ គ្រឿងទៀត ប្រចាំការតាមកន្លែងស្នាក់នៅរបស់ក្រុមកីឡាករចំនួន១០ខេត្ត ខាងក្រោម (២៤ម៉ោង)៖ ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកំពង់ចាម, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តក្រចេះ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកំពង់ធំ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តស្វាយរៀង, ២ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តព្រៃវែង, ២ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកណ្តាល, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តត្បូងឃ្មុំ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តតាកែវ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តពោធិសាត់, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តបន្ទាយមានជ័យ។
ក្រៅពីនេះក្រសួងបានត្រៀមរថយន្តសង្គ្រោះចំនួន២៥គ្រឿងបន្ថែមទៀតប្រចាំនៅក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់បំផុតផងដែរ។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅកម្សាន្តនៅក្នុងពិធីបុណ្យអុំទូកត្រូវបរិភោគគ្រឿងស្រវឹងដោយការទទួលខុសត្រូវខ្ពស់បំផុតនិងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរនិងបញ្ជាម៉ាស៊ីនដើម្បីបញ្ចៀសកុំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍។
គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុកកាលពីឆ្នាំមុនមានកីឡាករអុំទូកនិងប្រជាពលរដ្ឋមានបញ្ហាសុខភាពចំនួន២៣៥៦៦នាក់ក្នុងនោះមាន៤៧នាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្នុងចំណោមអ្នកមានបញ្ហាសុខភាពដែលបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យរួមមានជំងឺផ្ដាសាយហៀរសំបោរ គ្រុនក្តៅ ឈឺក្បាល ចុកពោះនិងរាក ខ្យល់ចាប់ សង្គ្រោះបន្ទាន់ ដោយសារតែត្រូវកម្ដៅថ្ងៃ មនុស្សកកកុញច្រើននិងបរិភោគចំណីអាហារមិនមានអនាម័យ លើសឈាម រាកមូលឈាម ឈឺភ្នែក អស់កម្លាំង របួសដោយសារការប៉ះទង្គិចវត្ថុផ្សេងៗ គ្រោះថ្នាក់ចរាចរណ៍ជាដើម ៕