ខេត្តប៉ៃលិន ៖ ក្បួនដង្ហែរបស់កងកម្លាំងប្រដាប់អាវុធដ៏ធំដែលពុំធ្លាប់មាន នៅក្នុងទឹកដីខេត្តប៉ៃលិន គេឃើញមានរថយន្តរាប់រយគ្រឿង ទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បើកបរយ៉ាងសន្សឹមៗ ក្នុងទិសដៅពីកើតទៅលិច អមដំណើរដោយប្រជាពលរដ្ឋជាច្រើននាក់ឈរចាំតាមដងផ្លូវ ហុចគ្រឿងឧបភោគបរិភោគ និងទឹកសុទ្ធ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងថែមទៀតផងដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្រុងប៉ៃលិនបានឲ្យដឹងថា ហេតុការណ៍ដង្ហែក្បួនដ៏ធំមួយនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ វិច្ឆិកា វិច្ឆិកា ឆ្នាំ២០១៩ ដោយចាប់ពីសាលាខេត្តប៉ៃលិន ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ តាមបណ្តោយផ្លូវជាតិលេខ៥៧ ដោយមានអាជ្ញាធរខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដ៏ច្រើនកុះករចូលរួមផង ។
ប្រភពព័ត៌ដដែលបានឱ្យដឹងទៀតថា មកដល់ព្រឹកថ្ងៃទី៦ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃកាន់តែខឹតជិតនឹងថ្ងៃ ដែលលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងបានសន្យាថា នឹងចូលមកក្នុងទឹកដីប្រទេសកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។ដោយហេតុនេះហើយ ទើបអាជ្ញាធរខេត្ត បានរៀបចំជាក្បួនដង្ហែ បង្ហាញពីការប្រឆាំងនឹងការវិលត្រឡប់មកវិញរបស់ក្រុមប្រឆាំង និងទប់ស្កាត់នៅតាមបន្ទាត់ព្រំដែនផងដែរ ។
ប្រភពបន្តទៀតថា ការដង្ហែក្បួននេះ គឺមានប្រជាពលរដ្ឋជាច្រើនឈរអមនៅតាមដងផ្លូវ ចាប់តាំងពីវិមានឯករាជ្យ រហូតដល់ព្រំប្រទល់ប្រទេសកម្ពុជា-ថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ រហូតដល់ក្រោយមកក្បួនដង្ហែដដែលបានរៀបចំបែរត្រឡប់ទៅសាលាខេត្តវិញ ហើយមន្ត្រីរាជការ និងកម្លាំងទាំងអស់ ក៏នាំគ្នាបែកខ្ញែកទៅតាមអង្គភាពរៀងៗខ្លួន ។
ប៉ុន្តែសម្រាប់សមត្ថកិច្ច ដែលនៅប្រចាំការតាមច្រកទ្វារព្រំដែន គឺនៅតែឈរយាមកាមយ៉ាងតឹងរឹង មិនអនុញ្ញាតឱ្យក្រុមបក្សប្រឆាំងណាម្នាក់ចូលមកក្នុងទឹកដីប្រទេសកម្ពុជា តាមច្រកទា្វរអន្តរជាតិព្រំ ខេត្តប៉ៃលិនបានឡើយ ៕
ដោយ៖ ប្រាថ្នា