ខេត្តស្វាយរៀង ៖ រហូតមកដល់ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សត្វជ្រូក៣០០ក្បាលដែលសមត្ថកិច្ចនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបានបង្ក្រាបពីឈ្មួញជនជាតិវៀតណាម ដែលបានដឹកវង្វេងផ្លូវនោះ បានងាប់ជាបន្តបន្ទាប់ជាង៨០ក្បាលហើយ ទំនងម្ចាស់ជ្រូកខ្វះចំណីអាហារ និងទឹក ។
បើតាមប្រភពពីមន្ត្រីពេទ្យសត្វបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៧វិច្ឆិកានេះ សត្វជ្រូក៣០០ក្បាលដែលសមត្ថកិច្ចនៃមន្ទីរកសិកម្មបានចាប់ឃាត់នៅជិតច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល កាលពីព្រឹកថ្ងៃទី៤ វិច្ឆិកានោះ មកដល់ថ្ងៃទី៧ វិច្ឆិកានេះ បានងាប់អស់ជាង៨០ក្បាល ហើយសមត្ថកិច្ចបានជីករណ្តៅដុត និងកប់ចោលទាំងអស់ហើយ។ នៅពេលនេះជ្រូកនៅសល់តែជាង២០០ក្បាលទៀតនោះទេ និងងាប់ជាបណ្តើរៗរហូតទាល់តែអស់ ប្រសិនបើម្ចាស់ជ្រូកមិនព្រមដាក់ចំណី និងទឹកឲ្យជ្រូក ពីព្រោះសត្វជ្រូកនេះមិនអាចទ្រទ្រង់អត់ចំណី អត់ទឹកបានយូរថ្ងៃនោះទេ ថែមទាំងនៅក្រោមកំដៅថ្ងៃទៀត ។
ប្រភពដដែលបន្តទៀតថា ដោយឈ្មួញជនជាតិវៀតណាមទាំងនោះដឹកជ្រូកចេញ-ចូលឆ្លងដែន ដោយគ្មានច្បាប់នាំចេញបែបនេះ ហើយសង្ស័យថា ជាជ្រូកនាំចូលពីប្រទេសវៀតណាមផង សមត្ថកិច្ចជំនាញក៏ធ្វើការបូមឈាមសត្វជ្រូកទាំងនោះទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីរកមេរោគ ហើយបើគ្មានមេរោគអ្វីទេ មន្ទីរនឹងប្រគល់ជ្រូកឲ្យម្ចាស់វិញ ប៉ុន្តែបើមានផ្ទុកមេរោគ និងកំទេចចោលទាំងអស់។
ប្រភពដដែលបន្តថា ប៉ុន្តែលទ្ធផលនៃមន្ទីរពិសោធន៍រហូតមកដល់ថ្ងៃទី៧ វិច្ឆិកានេះ គឺមិនទាន់ទទួលបាននៅឡើយទេ។ ហើយក៏មានបុរសម្នាក់ឈ្មោះអ៊ឹងទ្រី មានទីលំនៅឯរាជធានីភ្នំពេញ បានមកអះអាងថា ជាជ្រូករបស់ខ្លួនដែលចិញ្ចឹមនៅកសិដ្ឋានឯកជន និងបានលក់ទៅឲ្យឈ្មួញវៀតណាម ដើម្បីនាំចេញទៅប្រទេសវៀតណាម ។ ប៉ុន្តែពេលសមត្ថកិច្ចព្យាយាមសាកសួរថា តើវៀតណាមទិញនេះបានឲ្យលុយកាក់ឬនៅ? គឺឈ្មោះអ៊ឹងទ្រីនេះ មានការលាក់លៀមមិនព្រមប្រាបនោះទេ ។
ក្រោយមកក៏សួរទៅខាងឈ្មួញវៀតណាមវិញ ប៉ុន្តែក៏មិនព្រមឆ្លើយប្រាប់ដែរ ទោះជាសមត្ថកិច្ចបានប្រាប់ឲ្យយកចំណីដាក់ឲ្យជ្រូកស៊ី ឬដាក់ទឹកឲ្យជ្រូកផឹក ក៏ពួកគេហាក់បីដូចមិនអើពើរអ្វីដោះឡើយ ហើយបើបន្តបង្អត់ចំណី បង្អត់ទឹកជ្រូកបែបនេះ គឺអាចបគឺអាចបន្តងាប់អស់ជាមិនខានឡើយ ៕