ខេត្តពោធិ៍សាត់៖ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ សាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនអ្នកនេសាទជនជាតិវៀតណាម ៧នាក់ និងខ្មែរម្នាក់ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនពួកគេដែលកំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែង ដោយប្រើឧបករណ៍ខុសច្បាប់ស្ដីពីជលផលនៅបឹងទន្លេសាប ។
គួររំលឹកផងដែរថា កម្លាំងជំនាញរដ្ឋបាលជលផលសហការជាមួយយោធាសឹករងខេត្តធ្វើការបង្ក្រាបក្រុមនេសាទខុសច្បាប់ខាងលើ ត្រង់ចំណុចផ្លូវទឹកព្រំប្រទល់ខេត្តកំពង់ធំខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពី រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។
តាមការបញ្ជាក់ពីលោក ច្រឹង តាំងលី នាយផ្នែករដ្ឋបាលជលផលក្រគរបានឱ្យដឹងថា អ្នកនេសាទទាំង ៨នាក់ ត្រូវបានឃាត់ខ្លួនខាងលើទី១-ឈ្មោះ មៀង យ៉ាំងឡាំង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម (ជាថៅឧបករណ៍ល្មើសច្បាប់ស្ដីពីជលផល) និងកម្មករ៧នាក់ទៀត ទី១-ឈ្មោះ ង៉ោ យ៉ាំងដ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម ទី២-ឈ្មោះ មៀង យ៉ាំងហ៊ាំង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិវៀតណាម អ្នកទាំង ៣នាក់ខាងលើនេះស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ទី៣-ឈ្មោះ ចឹង យ៉ាំងយេន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម ទី៤-ឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម ទី៥-ឈ្មោះ ចាំង យ៉ាំងហៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៦-ឈ្មោះ ង្វៀង យ៉ាំងវ៉ឹង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម អ្នកទាំង ៤នាក់នេះមកស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំ ។ និងទី៧-ឈ្មោះ ជឿន ចាន់ធី ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិ.ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកនាយផ្នែកបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងរឹបអូសបានឧបករណ៍ប្រភេទអួនកែឆ្នៃទឹកសាប ចំនួន ១វង់ ដែលមានមុខ ៣៥ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ រួមទាំងកម្លាំងមធ្យោបាយអូសទាញកាណូតកម្លាំង ១៥០សេះ និង ១៦០សេះចំនួន ២គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួន យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលក្រគរ ។
ដោយ៖ ប៉ឹម ពិន