ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់បានប្រើប្រាស់ពូថៅកាប់ក្បាលមិត្តភក្តិ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម ដើម្បីប្លន់យកម៉ូតូជនរងគ្រោះតែមិនបានសម្រេចត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន ។
ករណីកាប់សម្លាប់មនុស្សប្លន់យកម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ហន ចិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជា កម្មករសំណង់ មានទីលំនៅក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។ ចំណែកឯជនរងគ្រោះឈ្មោះ វៀន សៀប ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជា កម្មករសំណង់ មានទីលំនៅក្នុងភូមិ-ឃុំជាមួយជនសង្ស័យ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជនរងគ្រោះនិងជនល្មើសព្រមទាំងមិត្តភក្តិ៥នាក់ទៀតបានអង្គុយជុំគ្នាផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះ ឆិល ភ័ស្ត ភេទប្រុស ប្រមាណ៣០ឆ្នាំ នៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ។ បន្ទាប់ពីផឹកស្រាថ្នាំអស់ជាច្រើនលីត្ររួចមកជនសង្ស័យបានបបួលជនរងគ្រោះ និងមិត្តភក្តិ៥នាក់ទៀតទៅអង្គុយផឹកស្រាបៀរអង្គរនៅផ្ទះរបស់ខ្លួនម្តង ។
ប្រភពដដែលបានបន្តថា ក្រោយពីផឹកស្រាស្រវឹងជោកជាំហើយនោះជនសង្ស័យ បានបបួលជនរងគ្រោះឲ្យយកម៉ូតូជិះឌុបគ្នាជូនឈ្មោះយួន ភេទប្រុស ទៅផ្ទះវិញ ។ ពេលជូនឈ្មោះ យួន ទៅដល់ផ្ទះហើយនោះជនរងគ្រោះក៏បានឌុបជនសង្ស័យឆ្ពោះទៅផ្ទះវិញ ខណៈកំពុងជិះតាមដងផ្លូវដល់កន្លែងស្ងាត់ជនសង្ស័យបានកាច់ចង្កេះធ្វើឲ្យម៉ូតូដួលទៅក្បែរចិញ្ចើមផ្លូវ ។ បន្ទាប់មកទៀតជនសង្ស័យបានទាញយកពូថៅពីចង្កេះកាប់ប្រហារក្បាលជនរងគ្រោះចំនួន២ពូថៅស្លាប់ក្នុងថ្លុកឈាម ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានព្យាយាមលើកម៉ូតូជនរងគ្រោះបញ្ឆេះបម្រុងជិះគេចខ្លួន តែដេរមិនឆេះ ទើបជនសង្ស័យបណ្តើរម៉ូតូរត់ធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យ ក៏ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឲ្យជួយអន្តរាគមន៍ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ប្រហារទៅលើជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ប្រាកដមែន ។ ពេលដែលខ្លួនបបួលជនរងគ្រោះជិះម៉ូតូជូនឈ្មោះ យួន ទៅផ្ទះខ្លួនបានរៀបចំយកពូថៅទុកនៅចង្កេះជាស្រេច ដើម្បីធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូ ៕
ដោយ៖ ស្អាងជ័យ