លិខិតមិត្តអ្នកអាន៖” កឹម សុខា ដេកផ្ទះឈ្នះឯង! “

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទំព័រនយោបាយ ទណ្ឌិតសម រង្ស៊ី បានបិទវាំងននត្រឹមថ្ងៃទី ៩ វិច្ឆិកា ទំព័រនយោបាយលោក កឹម សុខា ស្រាប់តែបាន បើកឡើងជាថ្មី។ ទោះជាក្នុងហេតុផលណាមួយក៏ដោយ ក៏ព្រឹត្តិ
ការណ៍នេះគឺជាភាពអនុគ្រោះឬជាអំណោយផលមួយសម្រាប់ឆាកនយោបាយកម្ពុជាជាពិសេសសម្រាប់ជីវិតនយោបាយបក្សប្រឆាំង។
ក្រុមប្រឆាំងដឹកនាំដោយ មេឧទ្ទាម ទណ្ឌិតសម រង្ស៊ី បានធ្វើនយោបាយអត្តឃាត មកបញ្ចប់ជីវិតនយោបាយរបស់ខ្លួននៅថ្ងៃ ៩ វិច្ឆិកា ចំណែកលោក កឹម សុខា ឯណោះវិញដែលនៅស្ងៀមស្ងាត់តែប្រកាន់គោលការណ៍អហិង្សាបែរជាទទួលផលគួរជាទីពេញចិត្ត។ ខ្ញុំអាចនិយាយបានថា លោក កឹម សុខា ពិតជា «ដេកផ្ទះ ឈ្នះឯង» មែន។

ហេតុអ្វីទំព័រនយោបាយ ទណ្ឌិត សម រង្ស៊ី ត្រូវបិទត្រឹមថ្ងៃទី ៩ វិច្ឆិកា?
មានហេតុផលមិនអាចប្រកែកបាន និងស្រួលយល់បំផុតដែលគ្រប់គ្នាបានដឹង។ ក្រឡេកមើលទៅការសន្យារបស់ទណ្ឌិត សម រង្ស៊ី និងលទ្ធផលជាក់ស្តែង គេនឹងយល់យ៉ាងច្បាស់ដោយមិនចាំបាច់ពិចារណា។ នរណាក៏បានដឹងនិងបានលឺពេញត្រចៀកដែរថា ទណ្ឌិត សម រង្ស៊ី បានប្រកាសពេញៗមាត់ ជាញឹកញាប់ថា នឹងចូលមកចាប់សម្តេច តេជោ ហ៊ុន សែន នៅថ្ងៃទី ៩ វិច្ឆិកា។ សម រង្ស៊ី អះអាងថា នឹងដឹកនាំក្បួនចលនាមហាជនរាប់លាននាក់ចេញពីប្រទេសថៃ ហើយទោះជាមានការរារាំងយ៉ាងណា ក៏ទណ្ឌិត សម រង្ស៊ី ខ្លួនឯងនឹងត្រូវតែមកផ្ទាល់ដល់ច្រកប៉ោយប៉ែតតាមការសន្យាដើម្បីដឹកនាំអ្នកគាំទ្រដើរចូលទៅក្នុងប្រទេសកម្ពុជាឲ្យបាន។

ផែនការផ្តាច់ព្រ័ត្រ ៩វិច្ឆិការបស់សម រង្ស៊ី គឺនឹងធ្វើឲ្យមនុស្សងើបឡើងទូទាំងប្រទេសហើយទៅព័ទ្ធទី ស្នាក់ការប៉ូលិស និងការិយាល័យរដ្ឋបាលនានាដោយមិនឲ្យអាជ្ញាធរបង្ក្រាបបានឡើយ។ បន្ទាប់មកគឺត្រូវបណ្តេញសម្តេចតេជោ ហ៊ុន សែន ចេញពីប្រទេស។ ទណ្ឌិត សម រង្ស៊ី ថា គាត់នឹងបង្កើតជារលកយក្សស៊ូណាមិ នៅកម្ពុជា នាថ្ងៃទី ៩ វិច្ឆិកាឲ្យធំជាងស៊ូណាមិនៅប្រទេសជប៉ុនទៅទៀត ហើយទោះជា
សមត្ថកិច្ចប្រើកម្លាំងប៉ុណ្ណាក៏មិនអាចទប់បានដែរ។ ទណ្ឌិត សម រង្ស៊ី រំពឹងទៀតថា កងកម្លាំងប្រដាប់អាវុធនឹងលែងស្តាប់បញ្ជាលោក ហ៊ុន សែន ហើយបែរចុងកាណុងទៅរករដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន វិញ….

ស្តាប់ផែនការរបស់ ទណ្ឌិត សម រង្ស៊ី គឺធំសម្បើមអស្ចារ្យណាស់ ប៉ុន្តែ សាច់ការជាក់ស្តែងវិញគឺសូន្យ។ ៩ វិច្ឆិកា បានកន្លងផុតទៅហើយ កុំថាឡើយរលកយក្សស៊ូណាមិ សូម្បីរលកក្នុងកែវទឹកក៏គ្មានដែរ។ ផ្ទុយទៅវិញ ទឹកស្ងប់ល្អជាងថ្ងៃធម្មតាទៅទៀត។ នេះជាភាពអាម៉ាស់ដ៏ធំធេងក្នុងប្រវត្តិនយោបាយរបស់ សម រង្ស៊ី ដែលយកល្អ សម រង្ស៊ី គួរប្រកាសលាឈប់ពីនយោបាយដោយខ្លួនឯងក្រែង នៅសល់កិត្តិយសខ្លះទុកសម្រាប់វ័យចាស់ជរារបស់ខ្លួន និងអ្នកគាំទ្រជំនាន់ក្រោយបានឃើញជាជាងត្រូវគេធីបចោល។

នេះមិនមែនជាលើកទី១ទេ ដែល ទណ្ឌិត សម រង្ស៊ី ដាក់ផែនការ ឬសន្យាហើយមិនមក។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៥ ក៏សម រង្ស៊ី ធ្លាប់សន្យាចូលស្រុកដែរ។ ឆ្នាំ ២០១៧ ក៏សន្យា ហើយឆ្នាំ ២០១៨ ក៏សន្យា គឺសន្យាចូលក្នុងប្រទេសវិញមុនការបោះឆ្នោតខែកក្កដា។ រហូត ដល់ឆ្នាំ ២០១៩ សម រង្ស៊ី សន្យាទៀតថា នឹងចូលនៅមុនខែមីនា បន្ទាប់មកនៅចុងខែកញ្ញា ប៉ុន្តែ គ្មានការសន្យាណាមួយត្រូវបានធ្វើនោះឡើយ។ នេះនៅមិនទាន់រាប់ការសន្យាមិនចូលសភា
កាលពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ និងការបរាជ័យនៃផែនការ “យុទ្ធនាការដេកផ្ទះឈ្នះឯង ” កាលពីមុនបោះឆ្នោតឆ្នាំ ២០១៨ ផងទេ។
និយាយជារួម សម រង្ស៊ី ទទួលបរាជ័យជាដរាបក្នុងឆាក នយោបាយរបស់ខ្លួនពីព្រោះតែគាត់ជាមនុស្សក្បត់ពាក្យសន្យា និងកំសាក គ្មានសមត្ថភាព គ្មានយុទ្ធសាស្ត្រ ខ្វះភាពជាអ្នកដឹកនាំ។
ឥឡូវនេះ សម រង្ស៊ី ជាមនុស្សដែលមានទោសពេញខ្លួន ហើយថែមទាំងបានបិទផ្លូវខ្លួនឯងដោយការជេរប្រមាថព្រះមហាក្សត្រ និងការប្រកាសចូលមកចាប់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបុគ្គលគន្លឹះតែមួយគត់ក្នុង
ការស្នើសុំលើកលែងទោសឲ្យ ទណ្ឌិត សម រង្ស៊ី។ ហេតុផលទាំងអស់នេះ គឺគ្រប់គ្រាន់ឬលើសពីគ្រប់គ្រាន់ពេកទៅទៀតសម្រាប់បិទទំព័រនយោបាយលោក សម រង្ស៊ី ត្រឹមនេះ។
ប៉ុន្តែ ជាសំណាងល្អសម្រាប់បក្សប្រឆាំងពីព្រោះស្របពេលដែលទំព័រនយោបាយ សម រង្ស៊ី បានបិទវាំងនន ស្រាប់តែទំព័រនយោបាយលោក កឹម សុខា បានបើកជាថ្មី។ លោក កឹម សុខា ត្រូវគេមើលឃើញថា ជាអ្នកនយោបាយដែលមានភាពចាស់ទុំ និងមានគោលការណ៍ច្បាស់លាស់ ព្រមទាំងមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវ ដែលខុសស្រឡះពីទណ្ឌិត សម រង្ស៊ី ។ រីឯអ្នកគាំទ្រលោក កឹម សុខា ទៀតសោតក៏ជាមនុស្សចាស់ទុំ អត់ធ្មត់ និងមានគោលការណ៍ និងមានវិន័យ ហើយយល់កាលៈទេសៈជាងអ្នកគាំទ្រលោក សម រង្ស៊ី ដែរ។
ជាក់ស្តែង ក្នុងផែនការរដ្ឋប្រហារ ៩ វិច្ឆិកា របស់ទណ្ឌិត សម រង្ស៊ី ភាគីខាងលោក កឹម សុខា យល់ច្បាស់ណាស់ថា ផែនការលោក សម រង្ស៊ី នឹងនាំក្តីវិនាសដល់ជីវិត នយោបាយរបស់ខ្លួនជាក់ជាមិនខាន។ ហេតុដូច្នេះហើយបានជាពួកគេសម្រេចមិនគាំទ្រ និងមិនចូលរួមជាមួយ សម រង្ស៊ី ឡើយ។ ឥឡូវនេះ ភស្តុតាងបានបង្ហាញច្បាស់ហើយគឺអ្វីដែលក្រុមលោក កឹម សុខា បានគិតគឺពិតជាត្រឹមត្រូវ។
ដូច្នេះ ពីពេលនេះតទៅ មានតែក្រុមលោក កឹម សុខា ទេដែល នឹងលេចមុខលេចមាត់ក្នុងឆាកនយោបាយកម្ពុជា។ទោះជាយ៉ាងណា លោក កឹម សុខា និងក្រុមអ្នកគាំទ្ររបស់ខ្លួនអាចជួបប្រទះនឹងការលាបពណ៌ពីសំណាក់ក្រុម សម រង្ស៊ី។ ដូចជាយើងបានដឹងគ្រប់គ្នាថា ការបន្ធូរ បន្ថយលក្ខ័ណ្ឌត្រួតពិនិត្យ តាមផ្លូវតុលាការចំពោះលោក កឹម សុខា ពិតជាមិនមែនជាការចង់បាន
របស់ទណ្ឌិតសម រង្ស៊ីនោះឡើយព្រោះកន្លងមក សម រង្ស៊ី តែងព្យាយាមជាន់ពន្លិចលោក កឹម សុខា និងប្រាថ្នាចង់ឲ្យលោក កឹម សុខា ជាប់ឃុំឃាំងឲ្យបានយូរតាម ដែលអាចធ្វើបានដើម្បីខ្លួនមានឱកាសដណ្តើមអំណាចអតីតបក្សសង្គ្រោះជាតិមកកាន់កាប់វិញ។ ទណ្ឌិត សម រង្ស៊ី ធ្លាប់បានប្រកាសយកសេរីភាពលោក កឹម សុខា ទៅភ្នាល់ជាមួយសម្តេច ហ៊ុន សែន ដែលជាចេតនាច្បាស់ក្រឡែតក្នុងការារាំងមិនឲ្យមានការដោះលែងលោកកឹម សុខា។ ក្រុម សម រង្ស៊ី តែងតែបន្តុះបង្អាប់លោក កឹម សុខា ថាជាការជាប់គុកសិប្បនិម្មិតនិងក៏ធ្លាប់និយាយថា បើកឹម សុខា ឲ្យសញ្ញាទៅសម្តេចហ៊ុន សែន តែបន្តិចថាបែកពី សម រង្ស៊ី នឹងត្រូវគេដោះលែងហើយ។ ការនិយាយបែបនេះគឺជារបៀបចងក្រឡាទុកជាមុន របស់ទណ្ឌិត សម រង្ស៊ី សម្រាប់វាយប្រហារទៅលើលោក កឹម សុខា នៅពេលមានសិទ្ធសេរីភាពឡើងវីញ។

ឥឡូវនេះ ពេលវេលាបានមកដល់ហើយ។ លោក កឹម សុខា ត្រូវបានតុលាការបន្ធូរបន្ថយលក្ខណ្ឌអោយលោកមានសេរីភាពដើរហើរទូទាំងប្រទេសនិងជួបភ្ញៀវបរទេសជាធម្មតានៅក្នុងប្រទេស។
ដូច្នេះ ពីពេលនេះទៅ ក្រុម«ឆ្កែកាច»របស់ទណ្ឌិត សម រង្ស៊ី នឹងព្រួតគ្នាខាំលោក កឹម សុខា និងអ្នកគាំទ្រលោក កឹម សុខា ជាក់ជាមិនខាន។ ប៉ុន្តែ វាមិនមែនជារឿងចម្លែកទេពីព្រោះការលាបពណ៌បានកើតមានរួចទៅហើយ។ អ្វីដែលសំខាន់គឺលោក កឹម សុខា និងអ្នកគាំទ្ររបស់ខ្លួនត្រូវដើរទៅមុខដោយប្រកាន់គោលការណ៍ច្បាស់លាស់របស់ខ្លួនដែលមានកន្លងទៅគឺគោលការណ៍អហិង្សា ផ្សះផ្សារជាតិ និងមិនយកខ្មែរណាជាសត្រូវ ដោយ មិនត្រូវដើរតាមគន្លង សម រង្ស៊ីដែលតែងតែយកគោលការណ៍ហឹង្សានិយមនិងការបំបែកបំបាក់ជាតិជាពិសេសគំនុំសងសឹកគ្រួសារខ្លួនជាត្រីមុខ នោះឡើយ។
សរុបមកវីញ ទំព័រនយោបាយសម រង្ស៊ី ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី ៩ វិច្ឆិកា ហើយទំព័រ នយោបាយកឹម សុខា ក៍ទំនងជា បានផ្តើមបើកដែរ ! នេះបានចំជា “កឹម សុខា ដេកផ្ទះ ឈ្នះឯង
មែន ” ៕

...

ដោយ : សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យខេត្តកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print