ភ្នំពេញ៖សហមេធាវីការពារក្តីលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤រូប បានដាក់ពាក្យស្នើសុំលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេះ លើកលែងការចោទប្រកាន់ លោក កឹម សុខា ។ ប៉ុន្តែ នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ ចៅក្រមស៊ើបសួរ បានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួន ដោយអនុញ្ញាតអោយលោក កឹម សុខា អាចចាកចេញពីផ្ទះបាន គ្រាន់តែមិនអាចចេញទៅក្រៅប្រទេស ។
នេះបើយោងតាមការផ្សព្វផ្សាយឯកសារ តាមបណ្តាញសង្គមហ្វេសប៊ុក របស់លោក ផែង ហេង មេធាវីមួយរូបក្នុងចំណោម៤រូប ដែលការពារក្តីអោយលោក កឹម សុខា ។ (លម្អិតក្នុងឯកសារ)
លោកមេធាវី ផែង ហេង អះអាងថា មេធាវីនៅតែបន្តទាមទារអោយតុលាការទម្លាក់ការចោទប្រកាន់ទាំងស្រុងលើលោក កឹម សុខា ។
ជុំវិញបញ្ហានេះ លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៍មាន ថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចកែប្រែកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
លោក អ៊ី រិន្ទ អះអាងថា លោក កឹម សុខា គឺ អាចចាកចេញពីភូមិគ្រឹះ ដែលលោកកំពុងស្នាក់នៅ នាពេលបច្ចុប្បន្ននេះ បាន ។
ដោយឡែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងប្រាប់សារព័ត៍មាន ថា ដោយសារលោក កឹម សុខា មានការសហការល្អជាមួយតុលាការ ទើបតុលាការសម្រេចអោយ លោក កឹម អាច ចាកចេញពីបរិវេណដែលលោកកំពុងស្នាក់នៅបច្ចុប្បន្ន បាន គ្រាន់តែមិនអាចចាកចេញពីប្រទេសកម្ពុជា ។
លោក ជិន ម៉ាលីន បន្តថា នេះមិនមានន័យថា តុលាការដោះលែងលោក កឹម សុខា ទេ ពោលគឺ លោកកឹមសុខា នៅតែជាប់កាតព្វកិច្ចតាមផ្លូវតុលាការដដែល រង់ចាំតុលាការបន្តតាមនីតិវិធី ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ បង្ហាញថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យស្នើសុំមួយច្បាប់របស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះ កឹម សុខា ដែលមានខ្លឹមសារពាក់ព័ន្ធការបិទបញ្ចប់ការស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
ដោយពិនិត្យលើពាក្យស្នើសុំរបស់សហមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ជាពិសេស ត្រង់ចំណុចពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាលនិងម្យ៉ាងទៀត ដោយសារនាពេលកន្លងមក ក្នុងពេលស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នជនត្រូវចោទបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ, ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៤៩៩៦ “គ” ដ.ព.ស ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ។
យោងតាមដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៤ “គ”ដ.ព.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩, ជនត្រូវចោទឈ្មោះ ក៏ប សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក-មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ- មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ-ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ៕
ដោយ៖ ចេស្តា