ខេត្តបាត់ដំបង: ស្រ្តីជាម្តាយបានយំសោកបោកខ្លួនលើសពកូនស្រីអាយុ៣ឆ្នាំម្នាក់ ដោយមានវិប្បដិសារីអស់មួយជីវិត ខណៈទៅលេងផ្ទះបងប្រុសបង្កើត ហើយបណ្តែតបណ្តោយឲ្យកូនលង់ទឹកស្រះស្លាប់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ រសៀល ថ្ងៃ អាទិត្យ១៤កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសង្កែ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈួន លីហ្សា ភេទស្រី អាយុ៣ឆ្នាំ មានទីលំនៅ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅមុនកើតហេតុ ស្រីជាម្តាយបាននាំកូនស្រីរងគ្រោះទៅលេង ផ្ទះបងប្រុសបង្កើត នៅភូមិបឹងវែង ឃុំរាំអកេសីហើយ ពេលនោះ ម្តាយបានចូលក្នុងបន្ទប់ទឹកបាត់ដោយទុកកូនឲ្យរត់លេងនៅមុខផ្ទះ។ ខណ:នោះដែរក្មេងស្រីរងគ្រោះបានដើរទៅលេងទឹកស្រះខាងមុខផ្ទះតែម្នាក់ឯងក្នុង ចម្ងាយប្រហែល២០ម៉ែត្រ ក៏លង់ទឹកស្លាប់តែម្តង ។ ពេលម្តាយចេញពីបន្ទប់ទឹកវិញបាត់កូនមិនឃើញនៅលេងមុខផ្ទះ កើតការសង្ស័យថាលង់ទឹកក៏ត្រូវបងប្អូនចុះរាវក្នុងទឺកស្រះស្រាប់តែបានប្រទះឃើញក្មេងស្រីរងគ្រោះស្លាប់បាត់ទៅហើយ ធ្វើឲ្យម្តាយយំសោកបោកខ្លួនស្តាយស្រណោះកូនរហូតសន្លប់តែម្តង ។សពកុមារីរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ៕
ដោយ៖សហការី