ភ្នំពេញ៖ នៅល្ងាចថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ បន្ទាប់ពីបានដុតភ្លើងជ័យ ចំនួន៣ថ្ងៃមកហើយ ដើម្បីរម្លឹកខួបលើកទី៦៦ឆ្នាំ នៃបុណ្យឯករាជ្យជាតិ(៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៩)។
ព្រះរាជពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀតផងដែរ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
ដោយ៖ សុខ ខេមរា