អូស្ត្រាលី៖ មកទល់ពេលនេះភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីមិនទាន់គ្រប់គ្រងស្ថានការណ៍បាននៅឡើយ។ រាលដាលកាន់តែខ្លាំងឡើងទៀតផង ។ ផ្ទះសម្បែងរាប់សិបខ្នងរងការបំផ្លាញ ហើយនៅពេលនេះសាលារៀនរាប់រយៈខ្នងត្រូវបិទទ្វារផងដែរ ដើម្បីបញ្ចៀសហេតុការអាក្រក់កើតឡើង។
សារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ភ្លើងឆេះព្រៃនៅក្នុងរដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលីនៅតែស្ថិតនៅក្នុងស្ថានភាព អាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដដែល នៅទូទាំងរដ្ឋភាគខាងកើតនេះតែម្តង ខណៈសាលារៀនរាប់រយកន្លែងត្រូវបិទទ្វារ និងប្រជាជនទាំងអស់ត្រូវបានណែនាំឲ្យត្រៀមខ្លួន (ជម្លៀស) ដើម្បីបង្ការពេលកើតមានគ្រោះមហន្តរាយធ្ងន់ធ្ងរជាងនេះ។
នៅថ្ងៃអង្គារនេះដែរ អាជ្ញាធរឧតុនិយមរបស់អូស្ត្រាលីបានប្រកាស សីតុណ្ហភាពជាមធ្យមបានកើនឡើងដល់ ៣៥អង្សាសេ ហើយបូករួមទាំងខ្យល់ក្តៅ និងស្ងួតផងនោះ វាបាននិងកំពុងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃកាន់តែរីករាលដាល នៅទូទាំងរដ្ឋដែលព័ទ្ធជុំវិញទីក្រុងស៊ីដនីមួយនេះ។
ជុំវិញស្ថានការណ៍ដែលកំពុងវិវឌ្ឍ និងពិបាកស្មាននេះ ស្ថាប័នពន្លត់អគ្គីភ័យអូស្ត្រាលី RFS បង្ហោះសារមួយលើបណ្តាញសង្គម ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «វានឹងក្លាយជាពេលវេលាដ៏វែងអន្លាយ និងគ្រោះថ្នាក់បំផុត…»។ RFS បានបញ្ជាក់ថា គិតត្រឹមម៉ោង ៦៖០០នាទីព្រឹកថ្ងៃអង្គារនេះ ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ New South Wales កំពុងកើតមានឡើងចំនួន ៥៤ទីតាំង ហើយនៅក្នុងនោះ ២៥ទីតាំងមិនទាន់អាចគ្រប់គ្រងបានឡើយ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales បានអូសបន្លាយប៉ុន្មានសប្តាហ៍មកហើយ ដោយវាអាចបណ្តាលមកពីការឆាបឆេះព្រៃតូចតាច រហូតរាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ ក៏ព្រោះតែអាកាសធាតុក្តៅស្ងួតមួយរយៈនេះ បានបោកបក់ទៅលើភាគខាងកើតអូស្ត្រាលី ដែលជាប់នឹងឆ្នេរសមុទ្រ។ ភ្លើងឆេះព្រៃអាក្រក់បំផុតចុងក្រោយនៅអូស្ត្រាលី គឺបានកើតឡើងកាលពីឆ្នាំ២០០៩ នៅរដ្ឋវិចតូរៀ (Victoria) ដែលស្ថិតនៅជាប់រដ្ឋ New South Wales ផងដែរ ដោយកាលណោះបានផ្តាច់យកជិវិតមនុស្ស ១៨០នាក់៕
ដោយ៖ មែវ សាធី