បើទោះបីប្រទេសតំបន់អឺរ៉ុប អាមេរិកបានបដិសេធ ទទួលបានអ្នកអ៊ីស្លាមជីហាត ប៉ុន្តែប្រទេសតួកគីនៅតែចាប់បញ្ជូនចេញ សមាជិកជីហាតដែលមានដើមកំណើតអឺរ៉ុប។ រដ្ឋាភិបាលតួកគី បានចាប់បញ្ជូន ទាហានជីហាតបរទេស ដែលតួកគីចាប់ឃុំខ្លួន ក្នុងទឹកដីរបស់ខ្លួន ឲ្យទៅប្រទេសកំណើតវិញ ទោះជាប្រទេសកំណើតព្រមឬ មិនព្រមក្តី។ នៅថ្ងៃទី១៥ខែវិច្ឆិកា អាជ្ញាធរតួកគីបាននិយាយថា គេបានបញ្ជូនអ្នកទោសជីហាត ៧នាក់ ដែលមានដើមកំណើតអាល្លឺម៉ង់ និងហើយនិងម្នាក់ទៀត ជាជនជាតិអង់គ្លេស ទៅប្រទេសដើមវិញ។ នៅតួកគី រដ្ឋាភិបាលរបស់លោកអ៊ែរដូហ្កាន បានប្រកាសថា នៅក្នុងដំណាក់កាលដំបូង តួកគីនឹងចាប់បញ្ជូន សមាជិកក្រុមជីហាត ៩៥៩នាក់ ទៅប្រទេសដើមវិញ ដែលក្នុងនោះ ៦០០នាក់ ជាជនជាតិស៊ីរី និងអ៊ីរ៉ាក់ និងជាង ៣០នាក់មានកំណើតមកពីប្រទេសនៅអឺរ៉ុប។
នៅទីក្រុងឡុងដ៍ ប៉ូលិសអង់គ្លេសបានអះអាងថា នៅព្រលានយន្តហោះ Heathrow គេបានចាប់ឃាត់ខ្លួន បុរសវ័យ ២៦ឆ្នាំម្នាក់ ដែលធ្វើដំណើរចេញពីទីក្រុងអ៊ីស្តង់ប៊ូល។ ប៉ូលិសអង់គ្លេសមិនបានបញ្ជាក់ថា តើបុរសដែលគេបានចាប់ខ្លួន ជាទាហានជីហាត ដែលតួកគីបានចាប់បញ្ជូនត្រលប់មកវិញ ឬក៏យ៉ាងណានោះទេ ប៉ុន្តែ តាមប៉ូលិសអង់គ្លេស បុរសដែលគេចាប់ខ្លួននៅព្រលានយន្តហោះ រងការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមជីហាត នឹងកំពុងរៀបចំផែនការវាយប្រហារភេរវកម្ម។
នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃ១៥ខែវិច្ឆិកា ជាមួយតំណាងប្រទេសសម្ព័ន្ធអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្រ្តីការបរទេសអាមេរិកបានរំលឹកសាជាថ្មី ឲ្យប្រទេសអឺរ៉ុបទទួលយកជនជាតិរបស់ខ្លួន ដែលបានចេញទៅធ្វើជាទាហានជីហាតបរទេស នៅទឹកដីស៊ីរី និងអ៊ីរ៉ាក់កន្លងមក។ ការទាមទាររបស់អាមេរិកត្រូវប៉ះទង្គិចជាមួយជំហររឹងទទឹងរបស់ប្រទេសអឺរ៉ុប ដូចជាបារាំង ជាដើម ដែលមិនប្រាថ្នា ចង់ទទួលយកជនជាតិរបស់ខ្លួន ដែលបានចេញទៅប្រយុទ្ធក្នុងក្រុមជីហាត នៅស៊ីរី និងអ៊ីរ៉ាក់។
សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ បានបើកកិច្ចប្រជុំបន្ទាន់ មួយ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទៅតាមការស្នើសុំរបស់ភាគីបារាំង។ បារាំងដែលព្រួយបារម្ភពីការរត់បាចសាច របស់អ្នកទោស ទាហានជីហាត នៅភាគខាងជើង ស៊ីរី នៅក្រោយ ការប្រកាសដកកងទ័ពអាមេរិក ហើយនិង ប្រតិបត្តិការយោធារបស់រដ្ឋាភិបាលតួកគី ទៅលើក្រុមប្រដាប់អាវុធ គួដឌីស្ថាន ដែលជាអ្នកទទួលខុសត្រូវលើមន្ទីរឃុំឃាំង ពួកទាហានជីហាត។
កិច្ចប្រជុំបន្ទាន់របស់សម្ព័ន្ធអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតនៅស៊ីរី ដែលរៀបចំឡើង នៅទីក្រុងវ៉ាស៊ីនតោន កត់សំគាល់ដោយចំនុចសំខាន់២។ ទី១ អាមេរិកតាមរយៈ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បានអះអាងធានាប្រទេសសម្ព័ន្ធមិត្តថា អាមេរិកនឹងនៅបន្តប្រយុទ្ធប្រឆាំងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម។ តាមរដ្ឋមន្រ្តីការបរទេស កងទ័ព អាមេរិក ៦០០នាក់ នឹងនៅបន្តប្រចាំការតទៅទៀត នៅទឹកដីភាគខាងជើងស៊ីរី។ ស្តាប់ទៅ រដ្ឋបាលលោកដូណាល់ ត្រាំ បានប្តូរចិត្ត លែងដកកងទ័ពអាមេរិក ចំនួន ១ពាន់នាក់ ដូចការប្រកាសកន្លងមក នោះក៏ដោយសាររងការរិះគន់ខ្លាំងជាពិសេសក្នុងចំណោមគណបក្សសាធារណរដ្ឋរបស់លោកដូណាល់ត្រាំផ្ទាល់។
អាមេរិកនឹងបន្តរក្សាកងទ័ពអាមេរិក ៦០០នាក់ ឲ្យបន្តប្រចាំការ នៅស៊ីរី ប៉ុន្តែ តាមរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បេសកកម្មរបស់កងទ័ពអាមេរិក គឺមានតែយាមការពារ តំបន់ប្រេង កុំឲ្យធ្លាក់ក្នុងដៃ របស់ក្រុមជីហាតតែប៉ុណ្ណោះ។
ជំហររបស់អាមេរិកបានធ្វើឲ្យប្រទេសសមាជិកសម្ព័ន្ធអន្តរជាតិដទៃមិនសប្បាយចិត្តនោះទេ។ ចំណុចសំខាន់ទី២ ដែលប្រទេសសមាជិកសម្ព័ន្ធអន្តរជាតិ និយាយមិនចុះសម្រុងគ្នាដែរនោះគឺ ការចាប់បញ្ជូន ទាហានជីហាត បរទេស ទៅប្រទេសកំណើតវិញ។
សម្រាប់អាមេរិក ក្នុងកាលៈទេសៈ បន្ទាន់ ដែលទាហានជីហាតលួចរត់ចេញពីមន្ទីរឃុំឃាំង ដែលស្ថិតក្រោមការវាយប្រហាររបស់កងទ័ពតួកគី ប្រទេសសមាជិករបស់សម្ព័ន្ធអន្តរជាតិ ជាពិសេស អឺរ៉ុប ត្រូវតែទទួលយកអ្នកទោសជីហាត ដែលជាជនជាតិរបស់ខ្លួន ទៅកាត់ទោស ក្នុងទឹកដីរបស់ខ្លួនវិញ។ អាមេរិកដែលជាអ្នកផ្តល់ជំនួយដល់ក្រុមគួដឌីស្ថានស៊ីរី ដែលជាយាមការពារអ្នកទោសជីហាត បានទាមទារឲ្យប្រទេសអឺរ៉ុបទទួលយក ជនជាតិរបស់ខ្លួន ដែលចេញទៅ ប្រយុទ្ធក្នុងក្រុមជីហាត។ ប៉ុន្តែ ប្រទេសនៅអឺរ៉ុបដូចជា អង់គ្លេស អាល្លឺម៉ង់ និងជាពិសេសបារាំងតែម្តង បានបដិសេធ មិនទទួលយកទាហានជីហាតដែលជាជនជាតិរបស់ខ្លួនវិញទេ ដោយសារហេតុផលសន្តិសុខ និងមតិប្រឆាំងរបស់ប្រជាជនក្នុងស្រុក ដែលនៅភ័យខ្លាចនៅឡើយ ដោយសារការវាយប្រហារភេរវកម្មកន្លងមក។
បារាំង ដែលមានជនជាតិរបស់ខ្លួន ជិត ៥០០នាក់ ជាអ្នកទោសជីហាតអង្គការរដ្ឋអ៊ីស្លាម ក្នុងមន្ទីរឃុំឃាំងក្នុងទឹកដីស៊ីរី បានចរចាយ៉ាងមមាញឹក ជាមួយ រដ្ឋាភិបាលក្រុងបាកដាដ ហើយនិងប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បី រៀបចំយន្តការច្បាប់មួយ សម្រាប់កាត់ទោស ក្រុមទាហានជីហាត បរទេស ក្នុងទឹកដីអ៊ីរ៉ាក់។ កន្លងមក មានទាហានជីហាតដើមកំណើតបារាំង ១១នាក់ហើយដែលត្រូវបានតុលាការអ៊ីរ៉ាក់កាត់ទោសប្រហារជីហាត ពីបទជាប់ពាក់ព័ន្ធនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ សម្រាប់រដ្ឋាភិបាលបារាំង ក្រុមទាហានជីហាតបរទេស គួរតែត្រូវជំនុំជម្រះ នៅទីកន្លែងដែលពួកគេប្រព្រឹត្តបទឧក្រិដ្ឋ។ ការលើកឡើងរបស់បារាំង មិនសូវសុក្រិតនោះទេ ព្រោះថា ទាហានជីហាតបរទេស ដើមកំណើតបារាំង ភាគច្រើន ចេញទៅប្រយុទ្ធក្នុងទឹកដីស៊ីរី ប៉ុន្តែ មិនមែនអ៊ីរ៉ាក់នោះទេ៕
ដោយ៖ មែវ សាធី