ខេត្តបន្ទាយមានជ័យៈកម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីល្ងាច ថ្ងៃ អាទិត្យ ១៣រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០១៩ បានចុះបង្ក្រាបករណីលួចបន្លំប្រមូលផ្តុំគ្នាលេងភ្នាល់ល្បែងមាន់ជល់ប្រដាល់តាមអនឡាញនិងធ្លាប់លេងល្បែងបៀអាប៉ោង ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។
លោកហ៊ឹលរ៉ាយ៉ាអភិបាលក្រុងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសិរីសោភ័ណបានឱ្យដឹងថាលោកបានដឹកនាំសហការីនិងកងកម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យបង្ក្រាបនូវករណីមនុស្សរាប់សិបនាក់ដែលប្រមូលផ្តុំគ្នាលួចបន្លំលេងល្បែងស៊ីសងភ្នាល់ល្បែងបៀអាប៉ោង និងល្បែងមាន់ជល់តាមអនឡាញ។
លោកអភិបាលក្រុងមានប្រសាសន៍ថា អ្នកធ្លាប់លេងបៀ អាប៉ោង មានចំនួនច្រើនគួរសមបាននាំគ្នាលួចលេងនៅទីតាំងផ្ទះរបស់ឈ្មោះគក់ សំណាង ភេទ ប្រុស នៅភូមិ២សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ដោយហេតុនេះលោកបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះទៅបង្រ្កាប ដោយប្រមូលមធ្យោបាយមានម៉ូតូ២៥គ្រឿងរថយន្ត១គ្រឿងព្រមទាំងមនុស្ស១៤នាក់មកសាលាក្រុងសិរីសោភ័ណ ដើម្បីណែនាំអប់រំធ្វើកិច្ចសន្យាជាលើកទី១ បើមានជាលើកទី២ នឹងមិនអនុគ្រោះនោះឡើយ ៕
ដោយ៖ សហការី