ប្រទេសរ៉ូម៉ានី៖ កប៉ាល់ដឹកជញ្ជូនសត្វចៀម ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត បានក្រឡាប់លិចនៅតំបន់សមុទ្រ រ៉ូម៉ានី បណ្តាលឲ្យសត្វចៀមជាច្រើនងាប់។ ក្រុមជួយសង្គ្រោះរ៉ូម៉ានីបាន ព្យាយាមជួយសង្គ្រោះសត្វចៀម១៤ពាន់ក្បាលនៅលើកបាលឡាប់លិចនៅតំបន់សមុទ្រប្រទេសនេះ។
កប៉ាល់ដឹកសត្វចៀមបំពាក់ទង់ជាតិ Palau ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត ក៏ត្រូវក្រឡាប់ក្រោយពេលចាកចេញពីកំពង់ផែ Midia របស់ប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី២៥ខែវិច្ឆិកា។ នាវិកនៅលើកប៉ាល់ទាំងអស់ គឺជាជនជាតិស៊ីរីត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្តែ សត្វចៀមទាំង១៤ពាន់ក្បាលត្រូវជាប់នៅលើនាវា ក្រឡាប់លិចនោះ។
មន្ត្រីរ៉ូម៉ានីបានបញ្ជូនក្រុមជួយសង្គ្រោះ ទៅជួយដល់សត្វចៀមខាងលើ មកទល់ពេលនេះ មានចៀម ៥០ ក្បាលប៉ុណ្ណោះបានជួយសង្គ្រោះហើយនៅមានជីវិត។ ក្រុមជួយសង្គ្រោះរ៉ូម៉ានីសង្ឃឹមថា និងនៅមានសត្វជាច្រើនទៀតនៅរស់។ ប៉ុន្តែការជួយសង្គ្រោះនឹងត្រូវប្រើពេលវេលាយូដោយមានសត្វចៀមច្រើន ។
សកម្មភាពស្រង់សត្វចៀមដែលងាប់ ក៏ត្រូវចំណាយពេលច្រើន ថ្ងៃផងដែរ ដោយមានសត្វចៀមងាប់នៅក្នុងនាវាជាច្រើន ។ ក្រុមអង្គការការពារសត្វ សង្ស័យថា នាវាខាងលើដឹកលើសចំណុះទើបបណ្តាលឲ្យមានគ្រោះថ្នាក់ក្រឡាប់លិចខាងលើកើតឡើង។
រ៉ូម៉ានីគឺជាប្រទេសចិញ្ចឹមសត្វចៀម ធំលំដាប់ទី៣ នៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីអង់គ្លេស និងអេស្បាញ ដោយមានសត្វចៀមប្រមាណ១០លានក្បាល បានចិញ្ចឹមតាមបែបធម្មជាតិ ។ ទីផ្សាទិញសត្វចៀមពីប្រទេសរ៉ូម៉ានីគឺប្រទេសស្ថិតនៅតំបន់ មជ្ឈិមបូព៌ា ក្នុងនោះមានអារ៉ាប៊ី សាអូឌីត៕
ដោយ៖ មែវ សាធី