ខេត្តតាកែវ ៖ប្រជាពលរដ្ឋរស់នៅកន្លែងផលិតស្ករត្នោតក្លែងក្លាយបានឱ្យដឹងថា សិប្បកម្មកែច្នៃស្ករត្នោតក្លែងក្លាយជាច្រើនកន្លែងក្នុងឃុំចំនួន២ នៅស្រុកបាទី ខេត្តតាកែវ នៅតែដំណើការដដែល និងមិនបានរំខានដល់មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរឡើយ បើទោះបីជាកន្លងមក មានការចុះបង្ក្រាប ឬបិទជាញឹកញាប់ក៏ដោយ ក៏មួយរយៈនេះ ទីតាំងលួចផលិតស្ករត្នោតនេះ បានកំរើកឡើងវិញហើយ ដោយ១ថ្ងៃៗបានដឹកចេញរាបតោន ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា កន្លែងធ្វើស្ករកែច្នៃនេះ គេឃើញថា នៅតែបន្តធ្វើបានដោយរលូនដដែល ទោះបីជាកន្លងមក ឃើញមានការចុះបង្ក្រាប ឬបិទទីតាំង ដោយបានហាមឃាត់មិនឲ្យមានការផលិតទៀតក៏ដោយ ក៏ទីតាំងខាងលើនេះ នៅតែបន្តដដែល និងលែងមានការរំខានពីមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរទៀតហើយ។ ករណីនេះបើសិនជាអាជ្ញាធរ និងមន្ត្រីជំនាញមិនមានការអើពើ ឬយកចិត្តទុកដាក់បង្រ្កាបហើយនៅតែបន្តឲ្យផលិតតទៅទៀតនោះ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងទិញយកទៅបរិភោគផ្ទាល់ដោយមិនបានដឹងថា ស្ករពិត ឬក្លែងក្លាយនោះ នៅថ្ងៃខាងមុខ ពួកគាត់នឹងជួបបញ្ហានៅជំងឺផ្សេងៗជាក់ជាមិនខាន ព្រោះថា ការផលិតស្ករត្នោតកែច្នៃ គឺមិនមែនដាក់តែស្ករ.សមួយមុខប៉ុណ្ណោះទេ មិនដឹងថា ពួកអ្នកដែលធ្វើទាំងនោះ បានដាក់លាយសារធាតុអ្វីខ្លះចូលក្នុងនោះទេ ទើបបានក្លាយជាស្ករត្នោតបែបនេះ ។
យ៉ាងណាប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា កន្លងមក គាត់បានឃើញមន្ត្រីជំនាញថ្នាក់ក្រសួង និងមន្ត្រីជំនាញថ្នាក់ខេត្ត ក៏ដូចជាអាជ្ញាធរស្រុកបានចុះមកហាមឃាត់ បិទម្តងជា២ដងមកហើយ ហើយខាងមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ក៏ធ្លាប់បានហាម និងធ្វើពាក្យបណ្តឹងទៅតុលាការហើយដែរ តែមិនដឹងថា មូលហេតុអ្វីនោះទេ បានជាកន្លែងផលិតស្ករត្នោតក្លែងក្លាយទាំងនោះ នៅតែបន្តធ្វើបានដោយរលូនជាបន្តទៀតយ៉ាងនេះ
ដោយ៖សហការី