ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនប៉ូលិសក្លែងក្លាយមួយរូប ពាក់ឯកសណ្ឋានស័ក្តិ៣ ដែលធ្វើសកម្មភាពកៀបស៊ីយុវជនម្នាក់ តាមរយៈការឆែកឆេរសម្ភារៈនិងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ។
សកម្មភាពរបស់ប៉ូលិសក្លែងក្លាយរូបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច អះអាងថា ប៉ូលិសក្លែងក្លាយរូបនេះមានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅម្ដុំទួលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499 ។
ចំណែកជនរងគ្រោះ ឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FE-1609 ។
ជនរងគ្រោះ ថ្លែងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ពីរង្វល់មូលចោមចៅ ទៅតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ។ ខណៈពេលនោះ ក៏មានបុរសម្នាក់ ពាក់ឯកសណ្ឋានប៉ូលិសស័ក្តិ៣ ជិះម៉ូតូដេញពីក្រោយ រហូតដល់ចំណុចកើតហេតុបានកាក់ម៉ូតូសុំឆែកឆេរ ។
ពេលឆែកឆេររួច រកមិនឃើញអ្វីទេ ទើបប៉ូលិសរូបនេះគំរាមយកទៅខណ្ឌ ដើម្បីពិនិត្យទឹកនោម ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ធ្វើដំណើរ និង អ្នកយកព័ត៌មាន បានសាកសួរទៅលើប៉ូលិសសក្តិ៣រូបនេះ ដើម្បីបញ្ជាក់ពីអត្ដសញ្ញាណច្បាស់លាស់ តែមិនព្រមឆ្លើយសោះ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ អញ្ជើញប៉ូលិសនោះ និង យុវជនរងគ្រោះ មកប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ ។ ក្រោយសួរនាំ ប៉ូលិសម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលិសពេក ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី៕
ដោយ៖ ចេស្តា