ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ត្រូវបានផ្តល់ឈ្មោះជា «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត សម្រាប់ការគិតថ្លៃសេវាដឹកជញ្ជូនទាបបំផុត ប្រចាំឆ្នាំ២០២០» ដោយ AirlineRatings ដែលជាគេហទំព័រដាក់ពិន្ទុសុវត្ថិភាព និងផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតក្នុងពិភពលោក។ នេះគឺជាឆ្នាំទី៣ជាប់ៗគ្នា ដែល Vietjet ត្រូវបានផ្តល់ពានរង្វាន់នៅក្នុងកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំ Airline Excellence Awards របស់ AirlineRatings ដែលទទួលស្គាល់ទៅលើក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតក្នុងពិភពលោក។
បើយោងទៅតាម AirlineRatings ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្កើនចំនួនយន្តហោះ និងគោលដៅហោះហើររបស់ខ្លួនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុននេះ បានបើកចំហរការហោះហើរសម្រាប់ទាំងអស់គ្នា ដោយសារតែការមានបុគ្គលិកហោះហើរពោរពេញដោយបទពិសោធជាច្រើន និងការផ្តល់ជូនតម្លៃសេវាដឹកជញ្ជូនទាបបំផុត។ Vietjet បានបង្កើតឲ្យនិន្នាការបដិវត្តន៍ជាច្រើន ក្នុងឧស្សាហកម្មអាកាសចរណ៍។
លោក Geoffrey Thomas និពន្ធនាយករបស់គេហទំព័រ Airlineratings.com បានឲ្យដឹងថា៖ «ក្រុមហ៊ុន Vietjet ពិតជាមានភាពវ័យឆ្លាតណាស់លើទីផ្សាររបស់ខ្លួន ប៉ុន្តែ នៅពីក្រោយនេះ ក្រុមហ៊ុនមានផែនការដ៏ឆ្លាតវៃ និងផែនការអាជីវកម្មដ៏ប្រាកដប្រជាមួយ ដែលផ្តល់ការធ្វើដំណើរប្រកបដោយតម្លៃសមរម ដល់មនុស្សរាប់លាននាក់»។
ពានរង្វាន់ Airline Excellence Awards នេះ ផ្តោតទៅលើប្រព័ន្ធសុវត្ថិភាព និងការធ្វើសវនកម្មរបស់រដ្ឋាភិបាលជាសំខាន់ រួមជាមួយនឹងចំណុចនៃការវិនិច្ឆ័យចំនួន១២ ក្នុងនោះរាប់បញ្ចូលទាំងអាយុកាលនៃយន្តហោះ អត្ថប្រយោជន៍សម្រាប់អ្នកដំណើរ អត្រានៃការវិនិយោគ ការផ្តល់ជូនផ្សេងៗលើផលិតផល និងទំនាក់ទំនងរបស់បុគ្គលិក។ ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតក្នុងពិភពលោកសម្រាប់បញ្ជីឈ្មោះប្រចាំឆ្នាំ២០២០ ក៏មានក្រុមហ៊ុនអាកាសចរណ៍ Air New Zealand, Singapore Airlines, Qatar Airways, Qantas, Cathay Pacific, Virgin Australia និង Emirates ផងដែរ នៅក្នុងការទទួលស្គាល់លើកម្រិតផ្សេងៗគ្នា។
កាលពីពេលថ្មីៗនេះ Vietjet ទើបតែទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតលើប្រព័ន្ធសុវត្ថិភាព ជាមួយនឹងការផ្តល់ជូនពិន្ទុ ផ្កាយ ៧ ពីគេហទំព័រ AirlineRatings.com និងបានក្លាយជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA ចាប់តាំងពីឆ្នាំ២០១៥។ ក្រុមហ៊ុននេះ ក៏ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង 50 របស់ពិភពលោកក្នុងឆ្នាំ ២០១៨ និង២០១៩ ផងដែរ សម្រាប់ភាពរឹងមាំផ្នែកហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការចាត់ថ្នាកនេះធ្វើឡើងដោយ Airfinance Journal និងទើបតែឈ្នះពានរង្វាន់ក្នុងនាមជា «ក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាដឹកជញ្ជូនទាបប្រចាំឆ្នាំក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដោយមជ្ឈមណ្ឌលសម្រាប់អាកាសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា CAPA៕
ដោយ វឌ្ឍនា