ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការនគរបាលក្រុងតាខ្មៅ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ។
ពិធីនេះដែរក៏មានវត្តមានចូលរួមពីលោក-លោកស្រីស្នងការរង ,លោកនាយការិយាល័យ ,លោកអធិការនគរបាលទាំង១០ស្រុក ,លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ,លោកចៅសង្កាត់ និងលោកនាយប៉ុស្តិ៍ចំណុះក្រុងតាខ្មៅ និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាច្រើនរូបទៀត ។
ក្នុងឱកាសនោះ បន្ទាប់ពីលោកវរសេនីយ៍ត្រី ភឿង វ៉ាត អធិការរងក្រុងតាខ្មៅឡើងអានរបាយការណ៍ស្វាគមន៍រួចមក លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ យី វណ្ណដា អត្តលេខ៦៥៦៥៧ ពីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។ ដោយលោកវរសេនីយ៍ឯក ស កែវពិសិដ្ឋ អធិការចាស់ផ្ទេរទៅកាន់មុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃវិញ ។
ក្រោយពីទទួលត្រាពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តរួចមក លោកវរសេនីយ៍ទោ យី វណ្ណដា ដែលទើបនឹងចូលកាន់មុខតំណែងថ្មី បានឡើងចាប់អារម្មណ៍ និងសន្យា ចំពោះមុខគណៈអធិបតី ។ ជាមួយគ្នានោះដែរ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ក៏បានឡើងមានមតិសំណេះសំណាល នឹងធ្វើការផ្តាំផ្ញើដល់លោកអធិការដែលទើបនឹងចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្កា និងបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្កាទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ អោយកាន់តែល្អប្រសើឡើងថែមទៀត ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានចែករំលែកបទពិសោធន៍ និងគំនិតគួពិចារណាមួយចំនួនជូនលោកអធិការថ្មី ដែលទើបនិងចូលកាន់មុខតំណែង ដើម្បីយកទៅអនុវត្តដឹកនាំនៅក្នុងអង្គភាពឲ្យបានល្អប្រសើ ។ មួយផ្នែកទៀតលោកស្នងការក៏បានផ្តាំផ្ញើដល់លោកអធិការនគរបាលក្រុងតាខ្មៅទើបឡើងកាន់តំណែងថ្មី ត្រូវខិតខំដឹកនាំកងកម្លាំង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ ។
លោកស្នងការបានបញ្ជាក់ថា សូមចាំ នគរបាលគឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ ។
យ៉ាងណាប្រជាពលរដ្ឋនៅក្រុងតាខ្មៅសង្ឃឹមថា លោកអធិការទើបកាន់តំណែងថ្មីនឹងបំពេញការងារដោយជោគជ័យក្នុងការថែរក្សាសណ្តាប់ធ្នាប់និងសន្តិសុខជូនប្រជាពលរដ្ឋ ជាពិសេសបង្រ្កាបគ្រឿងញៀនខណៈដែលសព្វថ្ងៃបង្រ្កាបមិនទាន់បាន១០០ភាគរយនៅឡើយនោះ ៕
ដោយ៖ស្អាងជ័យ