សញ្ញាអវិជ្ជមាននៅក្នុងកិច្ចពិភាក្សាអាមេរិក ចិន ប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារភាគហ៊ុន

ចែករំលែក៖

កាលពី៤ខែធ្នូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អាចនឹងត្រូវលើកទៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយប្រការនេះបានធ្វើឲ្យទីផ្សារសកលមានភាពរំជើបរំជួល ខណៈគ្រប់គ្នានាពេលកន្លងមកនេះបានរំពឹងថា ប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ នៅចុងឆ្នាំ២០១៩ នេះ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បានឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា «យើងនឹងមិនកំណត់កាលបរិច្ឆេទដើម្បីឲ្យកិច្ចព្រមព្រៀងនោះ នឹងត្រូវ ឬក៏នឹងមិនត្រូវចុះហត្ថលេខានោះឡើយ…។ កិច្ចព្រមព្រៀង និងការចរចានានា ត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងដោយស្មើភាព…»។
ជាមួយគ្នានេះទីផ្សារមូលបត្រ(ភាគហ៊ុន)អាស៊ី​រងផលប៉ះពាល់យ៉ាងខ្លាំង នៅថ្ងៃ ទី​៤ ខែធ្នូ ក្រោយពេលក្តីសង្ឃឹមនៃកិច្ចពិភាក្សាស្តីពី កិច្ចព្រមព្រៀងជាបឋមដើម្បីបញ្ចប់វិវាទពាណិជ្ជកម្ម ត្រូវបាន​«រលត់»។
ជាកស្តែង នៅលើទីផ្សារមូលបត្រមុនពេលបិទទ្វារ​ តួលេខ ទីផ្សារ​ Hang Seng HIS របស់ហ៊ុងកុង បានធ្លាក់ចុះ​១,៣ភាគរយ​​។ ចំណែកតួលេខ​របស់ Nikkei 225 របស់ជប៉ុន​ក៏បានធ្លាក់ចុះ​១,១ភាគរយផងដែរ ។ដោយឡែក តួលេខភាគហ៊ុន​ Shanghai Composite (SHCOMP)របស់ចិនក៏បានធ្លាក់ចុះ​០,២ភាគរយ។
ជាមួយគ្នានេះដែរ ទីក្រុងប៉េកាំង​​បានព្រមានថា ការដែលសភាអាមេរិក អនុម័តច្បាប់ អំពាវនាវឲ្យដាក់ទណ្ឌកម្មទៅលើប្រទេសចិន​ ស្តីពីបញ្ហាស៊ីនជាំង​ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដែលកំពុងតែល្អប្រសើរឡើង​។
អ្នកនាំពាក្យក្រសួងការបរទេសចិន​បានលើកឡើងថា​« តើអ្នកគ្រប់គ្នាគិតថា ចិននឹងនៅស្ងៀមឬ បើអាមេរិក មានសកម្មភាពប្រឆាំងនិងផលប្រយោជន៍របស់ចិននោះ»។ ជាមួយគ្នានេះ​ក្រុមអ្នកឯកទេសវិភាគទីផ្សារមូលបត្របានលើកឡើងថា អាមេរិកអនុម័តច្បាប់ប្រឆាំងចិន ជាប់ពាក់ព័ន្ធកោះហុងកុង​និងស៊ីនជាង បានធ្វើឲ្យគម្រោងចុះកិច្ចព្រមព្រៀង ជាបឋម​ក្នុងវិស័យពាណិជ្ជកម្ម​ត្រូវបាត់បង់ ។
នៅពេលនេះ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក​លោក​ Wilbur Ross ​បានលើកឡើងថា​ការពន្យាពេលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ហើយប្រធានាធិបតីត្រាំ មិនរងគំនាបណាមួយនោះឡើយ។ លោកបន្តទៀតថា ច្បាប់ដំឡើងពន្ធទៅលើទំនិញរបស់ចិន​នៅតែបន្តអនុម័ត លើកលែងតែកិច្ចព្រមព្រៀងបានចុះហត្ថលេខា​។​ការដំឡើងពន្ធថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី​១៥ខែធ្នូឆ្នាំ​២០១៩​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print