ភ្នំពេញ៖ យុវជនម្នាក់បានបែកលលាដ៏ក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌នៅនឹងកន្លែងកើតហេតុ ដោយសារតែរូបគេជិះម៉ូតូក្នុងល្បឿនលឿនវ៉ាម៉ូតូមួយគ្រឿងទៀត ក៏បុកនឹងខឿនទ្រូងផ្លូវស្លាប់តែម្តង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ឃុន វុទ្ឋី ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកសណ្ឋាគារហ៊ីម៉ាវ៉ារី បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-9447 ជិះក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានវ៉ាជាមួយម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលទៅបុកឃឿនទ្រូងផ្លូវម៉ូតូអូសប្រមាណជាង១០ម៉ែត្រ ចំណែកអ្នកបើកម៉ូតូបោកក្បាលនឹងឃឿងថ្នល់បែកលលាហ៍ក្បាលធ្លាយខួរស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុដើម្បីសម្រួលចរាចរណ៍ និងបានសហការជាមួយជំនាញធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅបុស្តិ៍នគរបាលរដ្ឋបាលចោមចៅ និងបានទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ៕សុខាសែនជ័យ