ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ដោយណែនាំអោយប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាពពីធាតុអាកាសដែលអាចនៅត្រជាក់ ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ២០១៩ ។
យោងតាមសេចក្តីជូនដំណឹងដោយ ហេតុថា ចាប់ពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ដែលបានគ្របដណ្តប់លើកម្ពុជានោះ នឹងចុះថមថយដោយរំកិលឡើងលើទៅជាលំដាប់ ។
ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ ២០១៩មានលក្ខណៈដូចខាងក្រោមនេះ ៖
១- ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C និងសីតុណ្ហភាពបអតិបរមាមានពី ២៤-២៦ °C ។
២-ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C។
៣-ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា មានពី២០-២២ •C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C។ ល។
៤-ខេត្តតាកែវ កែ កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាពអប្បបរមា មានពី២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C។
ដោយឡែកចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៩ ៖
១- បណ្តាខេត្តនៅជាប់ក្បែរតំបន់ជួរភ្នំដងរែក និងខ្ពង់រាប សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី២៨-៣១ °C។
២-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២°c ។
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ដោយណែនាំអោយប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាពពីធាតុអាកាសដែលអាចនៅត្រជាក់ ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ២០១៩ ៕ ដោយ ៖ សុខខេមរា