ខេត្តតាកែវ: ក្មេងប្រុសអាយុជាង ២ឆ្នាំ ម្នាក់បានលង់ទឹកស្រះនៅក្បែរផ្ទះស្លាប់យ៉ាងអាណោចអាធ័ម គ្រាដែលឪពុកម្តាយជាប់រវល់ការងារតែមួយភ្លែតដោយទុកកូនឲ្យនៅផ្ទះរត់លេងតែឯង កាលពីម៉ោង៤រសៀលថ្ងៃ ចន្ទ ១៣កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិ ធ្លកយុល ឃុំ ពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកអង្គរបូរីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ាន អាន ភេទប្រុស អាយុ ២ឆ្នាំកន្លះ មានឪពុកឈ្មោះ ផេង អុន ម្តាយឈ្មោះ ភាព រុំ រស់នៅភូមិ ធ្លកយុល ឃុំ ពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ។ មុនពេលកើតហេតុ ឪពុកម្តាយក្មេងប្រុសរងគ្រោះបានជាប់រវល់ការងារនៅផ្ទះអ្នកជិតខាងតែមួយភ្លែតដោយទុកកូនឲ្យនៅផ្ទះរត់លេងតែឯង។ លុះមួយសន្ទុះក្រោយមកបានត្រឡប់មកវិញស្រាប់តែបាត់កូន ក្រឡេកមើលក្នុងស្រះឃើញកូនលង់ទឹកលិចអណ្តែតៗស្ទុះទៅស្រង់ជួយសង្គ្រោះដែរកូនបាត់បង់ជីវិតទៅ ។
ក្រោយមកកសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពយ៉ាងដិតដល់ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលងទឹកប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា