ភ្នំពេញ៖ ទើបនឹងបង្ហើបស្នាដៃថ្មីមិនបានប៉ុន្មានថ្ងៃផង បទចម្រៀង “សង្សារកាប់ដាវ” របស់អ្នកនិពន្ធបទចម្រៀង គឹម ចាន់រតនា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវវ័យ។ ពេញចិត្តខ្លាំងព្រោះតែបង្កប់ដោយអត្ថន័យអប់រំ និងចាក់ចំបេះដូងអ្នកគាំទ្រពិសេសអ្នកមានរឿងរ៉ាវស្នេហាដូចអត្ថន័យនៃបទចម្រៀង។
អតីតតន្ត្រីករ និងជាម្ចាស់ក្រុមហ៊ុន LYK គឹម ចាន់រតនា បានបង្ហោះវិឌីអូធ្វើភ្លេចមួយបទដើម្បីត្រៀមបទ Original Song ចេញនាពេលខាងមុខនេះ ហើយបង្ហោះប៉ុន្មានថ្ងៃសោះទទួលការគាំទ្រពីមហាជន ខណៈមិននឹកស្មានមានអ្នកពេញចិត្តបទភ្លេងរបស់លោកបែបនេះ ពោលមានអ្នកចូលចែករំលែក និងអ្នកស្តាប់រាប់សែននាក់។លោក គឹម ចាន់រតនា បានប្រាប់ ថា ការពិតលោកធ្វើបទភ្លេងនេះឡើង ដើម្បីត្រៀមនឹងចេញបទចម្រៀងថ្មីនាពេលខាងមុខនេះ ហើយលោកក៏ចង់ដឹងមានមហាជនពេញចិត្តនឹងភ្លេងរបស់លោកឬអត់? លោកក៏ចង់បានមតិបន្ថែមមហាជនផងដែរ ដើម្បីកែកុន ក៏ដូចជាធ្វើឱ្យបទចម្រៀងដែលនឹងចង់នាពេលខាងមុខនេះ មានភ្លេងល្អសម្រាប់ទស្សនិកជនស្តាប់កម្សាន្ត។
ជាអ្នកនិពន្ធក្នុងវិស័យចម្រៀងម្នាក់ លោកបាននិយាយថា លោកសូមថ្លែងអំណរគុណដល់មហាជននិងអ្នកគាំទ្ររបស់លោកដែលពេញចិត្តចំពោះបទភ្លេងរបស់លោក ក៏ដូចជាស្នាដៃចាស់ៗកន្លងមក។ លោកសន្យាថា បើទោះបីជាមមាញឹកនឹងមុខរបបរកស៊ីយ៉ាងណា ក៏លោកមិនចោលសិល្បៈដែរ លោកនឹងឆ្លៀតធ្វើបទចម្រៀងថ្មីៗល្អៗចេញឱ្យបានច្រើននាពេលខាងមុខនេះ។ លោកក៏នឹងធ្វើជាគំរូម្នាក់ក្នុងនិពន្ធបទថ្មីៗ Original Song លើកស្ទួយខ្មែរយើង មិនឱ្យគេដៀលខ្មែរយើងមិនចេះធ្វើថ្មីនោះទេ។ បទភ្លេងនេះ លោកប្រាប់ថា មានចំណងជើងថា “សង្សារកាប់ដាវ” ប៉ុន្តែរង់ចាំកែសម្រួល និពន្ធឱ្យចប់ជាមុនសិនទើបសម្រេចចេញទាំងមូលតែម្តង។
គួរបញ្ជាក់ដែរថា លោកគឹម ចាន់រតនា ដែលជាអតីតអ្នកសិល្បៈម្នាក់ផងដែរនោះ ក៏បានអោយដឹងថា ពីមុនលោកជាអ្នកនិពន្ធបទភ្លេងថ្មីៗ អោយ លោក ម៉ារ៉ា ប៊ុណ្ណា។ ក្រោយមកលោកក៏បានងាកមកចាប់យកផ្នែក អចលនទ្រព្យនេះ បានរយៈពេលជាង២ឆ្នាំមកហើយដែរ។ ដោយមានទំនុកជាមួយគ្នា ទើបធ្វើអោយលោក សហការជាមួយ បងប្រុស ម៉ារ៉ា ប៊ុណ្ណា រួមគ្នាចាប់ឱកាសក្នុងជំនួញដីធ្លីនេះតែម្តងទៅ។
សូមរំលឹកផងដែរថា លោកគឹម ចាន់រតនា មានភរិយានិងកូនពីរនាក់ ខណៈលោកមានដំណើរជីវិតដ៏ជូរចត់ កម្សត់កម្រ ជាមួយភរិយា មុននឹងមានបានដូចសព្វថ្ងៃនេះឱ្យដឹងថា ពីមុនលោកជាអ្នកចម្រៀង តាមរោងការជាមួយភរិយាជិះម៉ូតូចាស់មួយគ្រឿង។ លោកតែងតែជិះម៉ូតូ ឌុបប្រពន្ធទៅច្រៀង កម្មវិធីការគេ ឆ្លងខេត្តឆ្ងាយៗ ពេលដែលច្រៀងចប់ ត្រូវត្រឡប់មកផ្ទះវិញទាំងយប់ ដែលពីឥឡូវក្លាយអ្នកមានមុខជំនួញទាំងរកស៊ីដីធ្លី និង សិល្បៈ មានទ្រព្យសម្បត្តិនិងជិះសុទ្ធរថយន្តទំនើប៕
ដោយ វឌ្ឍនា