ទីក្រុងឡាអេ៖ នៅក្នុងតុលាការទីក្រុងឡាអេ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានការពារប្រទេសរបស់លោកស្រី ប្រឆាំងនឹងការចោទប្រកាន់អំពី អំពើប្រល័យពូជសាសន៍ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព បានឆ្លើយតបទៅនឹងការអះអាងដែលបានផ្សព្វផ្សាយជាទូទៅថា ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ។
នៅក្នុងសុន្ទរកថា កាលពីថ្ងៃទី១១ ខែធ្នូ (ពេលវេលានៅទីក្រុងឡាអេ) លោកស្រីស៊ូជី បានហៅករណីប្រឆាំង មីយ៉ាន់ម៉ាថា “មិនពេញលេញ និងមិនត្រឹមត្រូវ” ។
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ត្រូវបានសម្លាប់ និងច្រើនជាង ៧០០.០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលនៅជិតខាង អំឡុងពេលការបង្ក្រាបរបស់កងទ័ពមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៧ ។
មីយ៉ាន់ម៉ាតែងអះអាងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងជាមួយការគំរាមកំហែងពីក្រុមជ្រុលនិយមនៅក្នុងរដ្ឋរ៉ាក់ឃីន ហើយលោកស្រី ស៊ូជី បានប្រកាន់ជំហរ ដោយពណ៌នាអំពើហិង្សានោះថា ជា“ជម្លោះប្រដាប់អាវុធផ្ទៃក្នុង” ដែលបង្កឡើងដោយការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ទៅលើប៉ុស្តិ៍សន្តិសុខរបស់រដ្ឋាភិបាល ។
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ, លោកស្រីអ៊ុងសាន ស៊ូជី តំណាងឲ្យមីយ៉ាន់ម៉ា បានថ្លែងនៅចំពោះមុខចៅក្រមតុលាការក្រុងឡាអេ ថា មិនមានសកម្មភាពប្រល័យពូជសាសន៍ណាមួយ ធ្វើឡើងដោយកងទ័ពមីយ៉ាន់ម៉ា ទៅលើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ានោះទេ។ នៅមុខចៅក្រម ក្នុងសវនាការលោកស្រីបានថ្លែងថា៖ “យើងអាចចាត់ទុកថា ចំណាត់ការរបស់កងទ័ពមីយ៉ាន់ម៉ា អាចមានលក្ខណៈខ្លាំង ឬ ជ្រុលដៃ តែយើងមិនអាចនិយាយថា កងទ័ពមីយ៉ាន់ម៉ា មានបំណងបោសសម្អាត ប្រល័យពូជសាសន៍ លើជនជាតិ រ៉ូហ៊ីងយ៉ា នោះទេ”។ លោកស្រីបន្ថែមថា៖ “នៅក្នុងស្ថានការណ៍នេះ គេមិនអាចសន្និដ្ឋាន ឬចោទលើកឡើង តែទៅលើពាក្យថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នោះឡើយ”។
លោកស្រីបានអះអាងថា៖ “ប្រទេសហ្កំប៊ី បានបូកសរុបស្ថានការណ៍នៅមីយ៉ាន់ម៉ា ដោយសម្លឹងមើលតែមួយជ្រុង ហើយវាមិនឆ្លើយតប ទៅនឹងតថៈភាពជាក់ស្តែង នៅឯរដ្ឋរ៉ាឃីនទេ”។
សូមបញ្ជាក់ថា ប្រទេសហ្កំប៊ី ត្រូវបានប្រទេសសមាជិកសហប្រតិបត្តិការអ៊ីស្លាម ទាំង៥៧ប្រទេស ចាត់តាំងឲ្យធ្វើជាតំណាង ដើម្បីដាក់ពាក្យប្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ យោងតាមពាក្យបណ្តឹង ហ្កំប៊ី បានចោទថា មីយ៉ាន់ម៉ាបានធ្វើបំពានលើសន្ធិសញ្ញាអន្តរជាតិប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ចុះហត្ថលេខានៅឆ្នាំ១៩៤៨។
នៅក្នុងសវនាការរបស់តុលាការ ក្រុមមេធាវីតំណាងឲ្យប្រទេសហ្គំប៊ី បានរៀបរាប់ឡើងវិញ អំពីទង្វើឃោរឃៅមួយចំនួន ដែលប្រព្រឹត្តិដោយយោធាមីយ៉ាន់ម៉ា នៅក្នុងអំឡុងពេលនៃការបង្ក្រាបរបស់ពួកគេ ។ លោកស្រី ស៊ូជី បានហៅការចោទប្រកាន់នេះថា «នាំឲ្យមានការយល់ខុស» ៕
ដោយ៖ មែវ សាធី