កំពង់ធំ ៖ ប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើប៉ុស្តិ៍រដ្ឋបាលកំពង់ថ្ម ដែលតែងតែបណ្តែតបណ្តោយឲ្យមានការលេងល្បែងស៊ីសង កន្ទុយលេខ បៀរអាប៉ោង និងភ្នាល់បាល់ ដែលបានធ្វើសម្មភាពពេញផ្សារ មិនតែប៉ុណ្ណោះ កំពង់ថ្មជាប្រភពនៃការចែកចាយគ្រឿងញៀន តែហាក់បីដូចគ្មានវិធានការតឹងរ៉ឹងក្នុងការបង្រ្កាប ជាហេតុធ្វើឲ្យមាន ចោរលួចចោរប្លន់ជាច្រើនករណីផ្ទួនៗគ្នា ។
ជាក់ស្តែងនៅវេលាម៉ោង ១ ពាក់កណ្តាលអាធ្រាត ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៥ ចោរមួយក្រុមបានធ្វើសកម្មភាព ចូលគាស់ផ្ទះលក់ទូរស័ព្ទដៃ មានឈ្មោះ លឹម សុធារ៉ា ក្បែរប៉ុស្តិ៍រដ្ឋបាលកំពង់ថ្ម ជាង២០ម៉ែត្រ ស្ថិតនៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ តែបែរជាសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល មិនបានដឹងរឿងអ្វី ទាំងអស់ ហេតុការណ៍នេះ បានធ្វើប្រជាពលរដ្ឋមានការភិតភ័យ និងមិនមានទំនុកចិត្តទៅលើសមត្ថកិច្ច ដោយសារតែមានបនល្បែងស៊ីសងរីក ដុះដាលពេញស្រុកបាយណ៍ ។
តាមការឲ្យដឹងពីម្ចាស់ផ្ទះឈ្មោះ បានឲ្យដឹងថា ក្រោយពីគាត់បានប្រមូលសម្ភារៈទុកដាក់រួច បានចាក់សោរ ដូចសព្វដង ចំណែកទូរស័ព្ទនិងសម្ភារៈលក់ផ្សេងៗទុកនៅបន្ទប់ក្នុងផ្ទះផ្នែកខាងមុខ ហើយក្រុមគ្រួសារគាត់សម្រាកនៅបន្ទប់ខាងក្រោយ លុះព្រឹកឡើងគាត់បាន បើកទ្វារដើម្បីរៀបចំលក់ ក៏ស្រាប់តែមានឃើញក្តាចំនួន ២ សន្លឹកត្រូវបានចោរអាផ្តាច់ ហើយបាត់បង់ទូរស័ព្ទស្ទើទាំងអស់ តែតាមប៉ានស្មានជាង ២ម៉ឺនដុល្លា យកទៅដោយសុវត្តិភាព។
ប្រជាពលរដ្ឋបានសំណូមពរ ឲ្យសមត្ថកិច្ចរឹតបន្តឹងសុវត្តិភាពជូនប្រជាពលរដ្ឋ និងលុបបំបាត់ល្បែងស៊ីសង បៀរ អាប៉ោង និងល្បែងកន្ទុយលេខ ចោលឲ្យអស់ ដើម្បីចៀសវាងបង្ករឲ្យមានចោរកម្ម លួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបន្ថែមទៀត ។ដោយ ប៊ុន រិទ្ធី