កំពង់ធំ៖ បច្ចុប្បន្នគេសង្កេតឃើញមានការ កាប់បំផ្លាញ់ព្រៃលិចទឹក និងមច្ឆាជាតិខ្សត់ខ្សោយ ដោយសារតែគ្រោះធម្មជាតិ និងកាប់រុករាន្ទព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រាជរដ្ឋាភិបាល បានគិតគូរនិងយកចិត្តទុកដាក់ ថែរក្សាធនធានមឆ្ឆាជាតិ ជម្រុញឲ្យកងកម្លាំង សហគមន៍ ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ឋជួយគ្នាថែរក្សាអភិរក្សព្រៃលិចទឹក និងបង្កើតធនធានជលផល សម្រាប់តំម្រូវការកំណើនប្រជាពលរដ្ឋ ។
ជាក់ស្តែងខណ្ទរដ្ឋបាលជលផលកំពង់ធំ បានរៀបចំពិធីព្រលែងកូនត្រី ចូលបឹងធម្មជាតិ ក្រោមការចូលរួមរបស់មន្រ្តី រាជការក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១០ខែ កក្កដា ឆ្នាំ ២០១៥ នៅចំនុចបឹងធា ភូមិប្រាសាទ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ នាយខ័ណ្ទរដ្ឋបាលជលផលកំពង់ធំ បានឲ្យដឹងថាត្រីពូជដែលត្រូវបានព្រលែងចូលបឹងធា មានចំនួន ៥០គីឡូក្រាម ក្នុងនោះមានត្រី ក្រាញ់ ត្រី ផ្ទក់ ត្រី អណ្តែង និងកូនត្រី ពូជចំនួន៤ម៉ឺនក្បាល កូនត្រីឆ្ពិន ៣,៥ ម៉ឺនក្បាល ត្រីព្រលូង៥ពាន់ក្បាល ដើម្បីបង្កើនផលត្រីក្នុងបឹងធា ដែលជាប្រយោជន៍ បម្រើសេចក្តីត្រូវការហូបចុកប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ លោកបានបញ្ជាក់ថា សហគមន៍ស្រះជម្រកត្រីបឹងធា ត្រូវបានបង្កើតនៅឆ្នាំ២០១០ដោយមានការចូលរួមពីប្រជាពលរដ្ឋ ភូមិប្រាសាទចំនួន ៩៧គ្រួសារ សមាជិក៤៧០នាក់មានផ្ទៃក្រឡា ៤៤.០៣ ហិចតា ដោយឡែកផ្ទៃទឹកអភិរក្ស ៧.៧០ហិចតា ។
ឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ សង្កត់ធ្ងន់ទៅលើសមត្ថកិច្ចរដ្ឋបាលជលផល និងសមត្ថកិច្ចជំនាញ ជម្រុញឲ្យមានការផ្សព្វផ្សាយ ពីផលប៉ះពាល់ដីព្រៃលិចទឹក និងហាមមិនឲ្យប្រើប្រាស់ ឧបករណ៍នេសាទដោយខុសច្បាប់ និងសំណូមពរជួយគ្នាថែរក្សាធនធានមឆ្ឆាជាតិ ការពារបន្ថែមលើការអភិរក្សព្រៃលិចទឹកនិង ប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ដើម្បីបង្កើនធនធានមឆ្ឆាជាតិ តំម្រូវតាមការកំណើនរបស់ប្រជាពលរដ្ឋនា ពេលបច្ចុប្បន្ន ខណៈដែលប្រជាពលរដ្ឋកាន់តែកើនឡើង រីឯមឆ្ឆាជាតិកាន់តែថយចុះ ដូច្នេះចាំបាច់ត្រូវចូលរួមទាំងអស់ គ្នា ដោយរំពឹងតែសមត្ថកិច្ចរដ្ឋបាលជលផលតែម្នាក់ឯងនោះ វាមិនអាចទប់ស្កាត់បានគ្រប់ជ្រុងជ្រោយ និងទទួលលទ្ធផលជោគជ័យនោះទេ ដោយឡែកខណ្ទរដ្ឋបាលជលផលកំពង់ធំ លោកបានប្រឹងប្រែងខ្លាំងណាស់ ក្នុងការអភិរក្ស ធនធានមឆ្ឆាជាតិ និងការផ្សព្វផ្សាយដល់សហគមន៍នេសាទ ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ។ដោយ ប៊ុន រិទ្ធី