ខេត្តបាត់ដំបង៖ ស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីមានអាការមិនស្រួលខ្លួន និងចុកដើមទ្រូង ហើយដួលសន្លប់បាត់ស្មារតីត្រូវបានគេដឹកបញ្ជូនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ ហើយក៏ដាច់ខ្យល់ស្លាប់មិនដឹងមូលហេតុនៅក្នុងមន្ទីរពេទ្យកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ។
ស្ត្រីជនជាតិថៃត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថា មានឈ្មោះ ប៊ុន ចាន់រ័ត្នមន្នី អាយុ៣៦ឆ្នាំ រស់នៅក្នុងខេត្តឧត្តុងផនថានី ប្រទេសថៃ ដោយចូលមកខេត្តបាត់ដំបងមកលក់អីវ៉ាន និងផលិតផលតាំងពិពណ៌នៅខេត្តបាត់ដំបងចាប់ពីថ្ងៃឆ្លងឆ្នាំសកល ទី៣១ ខែមករា ឆ្នាំ២០១៥មកម្ល៉េះ ។
សាច់ញាតិសពស្ត្រីជនជាតិថៃអះអាងប្រាប់សមត្ថកិច្ចថា ពីមុនមកស្ត្រីរូបនោះ មិនដែលកើតមានជំងឺប្រកាច់អ្វីនោះទេ ទើបតែចាប់ផ្តើមធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។
ជុំវិញនៃការស្លាប់របស់ស្ត្រីជនជាតិថៃខាងលើ សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានត្រួតពិនិត្យនិងធ្វើកោសល្យវិច័យហើយសន្និដ្ឋានបឋមថា ស្ត្រីជនជាតិថៃរូបនោះកើតជំងឺគាំងបេះដូង ។
សាកសពត្រូវបានសាច់ញាតិដែលមកលក់ទំនិញតាំងពិពណ៌ជាមួយគ្នាដឹកយកទៅ ប្រទេសថៃវិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សំ វិច្ឆិកា