ភ្នំពេញ៖ កីឡាករ វៀត ប៊ុនឌឿន មកពីសមាគមកីឡាក្រសួងការពារជាតិ បានវាយផ្តួលអ្នកប្រដាល់ថៃ ឈ្មោះយ៉ត សាណាន់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមឲ្យបោះបង់ការប្រកួត នៅទឹកទី៤។ ចំណែកកីឡាករ អ៊ុង វីរៈមកពីក្លិបកងពលតូចឆត្រយោងលេខ៩១១ បានប្រើពេលជិត១ទឹកវាយម៉ាត់ទៅលើ កីឡាករថៃឈ្មោះ យ៉ត ដៃឆា ឲ្យសន្លប់ កាលពីព្រឹកថ្ងៃអាទិត្យទី៣ខែមករាឆ្នាំ២០១៦ នៅលើសង្វៀន ទូរទស្សន៍អាស៊ីអាគ្នេយ៍។
ចំពោះការប្រកួតរវាងកីឡាករវៀត ប៊ុនឌឿននឹងកីឡាករ យ៉ត សាណាន់ បានទាក់ទាញទស្សនិ កជនជាខ្លាំង តាមរយៈការប្រើស្នៀតទាត់ ធាក់ ជង្គង់ កែងស្មើគ្នា ចាប់តាំងវិនាទីដំបូងនៃទឹកទី១រហូតដល់ទឹកទី៤ ទើបកីឡាករ វៀត ប៊ុនឌឿនអាចយកជ័យជម្នះលើកយ៉ត សាណាន់បានដោយស្នៀតជើងទាត់បណ្តាលឲ្យ សាណាន់ ខូចសន្លាកជង្គង់ខាងឆ្វេងមិនអាចងើបបន្តការប្រកួត បានក៏ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតនៅចុងទឹកទី៤តែម្តង។
ក្នុងការប្រកួតនោះ កីឡាករទាំង២នាក់ខាងលើហាក់មានពិន្ទុប្រផុតប្រផើយគ្នា ដោយសារតែការបញ្ចញស្នៀតវាយសងគ្នាទៅវិញទៅមកសម្រាប់ទឹកទី១ ដោយឡែកក្នុងទឹកទី២ កីឡាករ វៀត ប៊ុនឌឿន និងយ៉ត សាណាន់ នៅតែវាយសម្រុកគ្នាដដែល ប៉ុន្តែចាប់ពីទឹកទី៣ទៅ វៀត ប៊ុនឌឿន បានព្យាយាមប្រើ ស្នៀត ជង្គង់បុកលើពោះយ៉ត សាណាន់ លាយឡំជាមួយស្នៀតកែងនិងកណ្តាប់ដៃផងដែរ។អ្វីដែលធ្វើ ឲ្យកីឡាករថៃ យ៉ត សាណាន់មិនអស់ចិត្ត គឺនៅចុងទឹកទី៤ បន្ទាប់ពីលោកអាជ្ញាកណ្តាលចាប់បំបែក ពី ខ្សែរេញម្ខាងមកឲ្យប្រកួតនៅកណ្តាលរេញវិញ ក៏ត្រូវកីឡាករវៀត ប៊ុនឌឿនទាត់ត្រូវលើជង្គង់ឆ្វេងបណ្តាល គ្រេចសន្លាក់មិនអាចងើបបន្តការប្រកួតតទៅទៀតបាន។
ដោយឡែកជំនួបប្រកួតរវាងកីឡាករអ៊ុង វីរៈនឹងយ៉ត ដៃឆាគឺប្រព្រឹត្តទៅបានតែជាង៤នាទីប៉ុណ្ណោះ ក៏ត្រូវ អ៊ុង វីរៈឆក់ឱកាសប្រើកណ្តាប់ដៃវាយចំថ្គាមដៃឆាបណ្តាលឲ្យដួលភ្លាមៗតែម្តង៕
ដោយ៖ សារីម