ភ្នំពេញ៖ កីឡាករ សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២បានឡើងទៅឈរចាំនៅលេខរៀង ទី១ក្នុងពូល B បន្ទាប់ពីវាយឈ្នះកីឡាករ ម៉ន ចាន់តារា មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ក្នុងកម្មវិធីអធិរាជជើងឯកស៊ីម៉ងត៍អូដ្ឋរដូវកាលទី២កាលពីល្ងាចថ្ងៃទី២ខែមករា ឆ្នាំ២០១៦។ ចំណែកឯ កីឡាករ ឡាញ់ ផល្លា មកពីក្លិបអេភូថងកីឡានិងកីឡាករ ម៉ឺន ដា មកពីក្លិបខ្លារខិនមានប្ញទ្ធិក៏បានឡើង ទៅរង ចាំការប្រកួតជុំទី២វគ្គ១៦នាក់ក្នុងកម្មវិធីកំពូលជើងឯកពានរង្វាន់FIFFY SUPER FIGHT រដូវកាលទី២ ប្រភេទទម្ងន់៥៧គីឡូក្រាមដែរ កាលពីល្ងាចថ្ងៃអាទិត្យទី៣ ខែមករាឆ្នាំ២០១៦ នៅលើសង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥។
សម្រាប់ការប្រកួតវគ្គជម្រុះកម្មវិធីពានរង្វាន់អធិរាជស៊ីម៉ងត៍អូដ្ឋនេះ ត្រូវរង់ចាំការប្រកួតចំនួន ១គូទៀត គឺជាការជួបគ្នារវាងកីឡាករ ម៉ន ចាន់តារានឹងកីឡាករថៃ ឈ្មោះ Yorth Sing ដើម្បីកាត់សេច ក្តីឈ្នះចាញ់ ថាតើកីឡាកររូបណាម្នាក់ក្នុងចំណោម២នាក់អាចឡើងទៅ ប្រកួតវគ្គខ្វែងពូល រវាងពូល AនឹងពូលB នាពេលខាងមុខ។
ចំពោះកីឡាករ ម៉ន ចាន់តារា បច្ចុប្បន្នមាន៤ពិន្ទុក្នុងដៃ ក្រោយពីវាយឈ្នះ១ប្រកួតចាញ់១ប្រកួត រីឯកីឡាករថៃ Yorth Sing ក៏មាន៤ពិន្ទុដែរ គឺវាយចាញ់កីឡាករ សុខ សុវណ្ណនិងប្រកួតចុងក្រោយ វាយឲ្យកីឡាករ រឿង សារ័ត្ន មកពីកងពលតូចឆត្រយោងលេខ៩១១បោះបង់ការប្រកួតក្នុងទឹកទី៤។
ដូច្នេះកីឡាកររឿង សារ័ត្ន អស់ឱកាសឡើងទៅវគ្គបន្តហើយបើទោះបីនៅសល់មួយប្រកួតចុងក្រោយទៀតក៏ដោយ ពីព្រោះ២ប្រកួតកន្លងទៅ រឿង សារ័ត្ន ចាញ់ទាំង២ប្រកួតមាន២ពិន្ទុប៉ុណ្ណោះ។
កីឡាករ ឡាញ់ ផល្លានិងកីឡាករ ម៉ឺន ដាពួកគេត្រូវឡើងទៅជួបប្រកួតគ្នាក្នុងជុំទី២វគ្គ ១៦នាក់ មួយប្រកួតទៀត សម្រាប់អ្នកឈ្នះបាន៣ពិន្ទុឈរចាំ រីឯអ្នកចាញ់ត្រូវចាកចេញពីកម្មវិធីតែម្តង។
ប៉ុន្តែមុនកីឡាករ ឡាញ់ ផល្លា បានឡើងទៅប្រកួតនៅជុំទី២វគ្គ១៦នាក់ នោះគឺបន្ទាប់ពីគេវាយឈ្នះកីឡាករ សេក ចាន់រាជមកពីក្លិប អង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ រីឯកីឡាករ ម៉ឺន ដា វាយឈ្នះកីឡាករ ជុន សាវុធ មកពីក្លិបពោធិ៍ជ័យកីឡាដោយពិន្ទុ។
ដោយឡែកកីឡាករ ជុន សាវុធ គឺជាលើកទី២សម្រាប់គេហើយដែលត្រូវធ្លាក់ចេញពីកម្មវិធី FIFFY SUPER FIGHT ត្រឹមជុំទី១នោះ ពីព្រោះកាលពីរដូវកាលទី១ កីឡាកររូបនេះក៏ចាកចេញត្រឹមជុំទី១ ដែរ ។
ទន្ទឹមនឹងការបរាជ័យស្ទួនៗបែបនេះ កីឡាករជុន សាវុធ បានឲ្យដឹងថា ខ្ញុំពិតជាសោកស្តាយខ្លាំងណា ស់ ពីព្រោះខ្ញុំគ្មានឱកាសបន្តការប្រកួតវគ្គ១៦នាក់ម្តងណាឡើយ បើទោះបី គណៈកម្មការផ្គួផ្គងបាន ផ្តល់ឱកាសចំនួន២លើកហើយក៏ដោយ៕
ដោយ៖ សារីម