ភ្នំពេញ៖ ពិតជាល្បី ពិតជាខ្លាំង បុរសអភិជន កូនអ្នកធំមានអំណាច ឈ្មោះ សារុន វិថុរៈ តែចរិកមិនមែនជាបុគ្គលមានគុណធម៍ បើព្រះពុទ្ធចាត់ទុកជនប្រភេទនេះជា(បុរសថោកទាប) ត្រង់ប្រព្រឹត្តអំពើបាប ធ្វើ ស អោយទៅ ជាខ្មៅ បន្សល់ទុកនូវក្តីអាម៉ាស់ក្នុងសង្គមស្អាតស្អំ និងប្រទេសគ្រប់គ្រងដោយច្បាប់។
ជាក់ស្តែងរហូតមកទល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៍ មិនទាន់មានការឃាត់ខ្លួន លោក សារុន វិថុរៈ ថៅកែការ៉ាស់សាំង PTT ក្បែររង្វង់មូលកួរស្រូវ ជាប់ផ្លូវជាតិលេខ២ ខណ្ឌដង្កោ នៅឡើយទេ ទោះបីសំណុំរឿងនេះ ធ្លាក់ដល់ដៃតុលាការក៏ដោយ ។
ជនសង្ស័យជាមេខ្លោងផ្តើមគំនិតអោយប្រព្រឹត្តបទល្មើស គឺជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្ត្រខេត្តតាកែវផងនោះ , លោក សារុន វិថុរៈ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតគ្នាធ្វើទារុណ្ឌកម្ម ហិង្សាវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក និងថតជាវីដេអូឃ្លីប។
ជុំវិញបញ្ហានេះ អង្គភាព នគរដ្រេហ្គន បានព្យាយាមទំនាក់ទំនងទៅលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចង់ដឹងពីនីតិវិធីបន្តបន្ទាប់ទៀត តែលោកពុំទាន់ឆ្លើយតបនៅឡើយ ។
ដោយឡែក លោក អ៊ុឺ សិរីរដ្ឋ ជាជនរងគ្រោះ ក៏ ខាងអង្គភាព នគរដ្រេហ្គន ពុំទាន់សុំការបញ្ជាក់បន្ថែមបាននៅឡើយដែរ ។
ទោះបីយ៉ាងណា លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានថ្លែងថា ៖សំណុំរឿងហិង្សានេះ ត្រូវបានបញ្ជូនទៅតុលាការហើយ កាលពីថ្ងៃទី១៩ ខែធ្នូ ម្សិលមិញនេះ ។
រឿងរ៉ាវទាំងនេះ កំពុងល្បីរន្ទឺយ៉ាងខ្លាំង ដោយមហាជន ចង់ឃើញតុលាការ អនុវត្តច្បាប់ដោយតម្លាភាព ទៅលើជនដែលបានប្រព្រឹត្តនូវកំហុស ។ វាជាការរួមចំណែកមួយ បង្ហាញពីសង្គមមានយុត្តិធម៌។ ទោះជាជនមានលុយ មានអំណាច ក៏ទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា និងលុបបំបាត់ទៅវប្បធម៍អន្តរាគមន៍ ។ អ្វីដែលមជ្ឈដ្ឋានមហាជនហួសចិត្តបំផុតត្រង់ថា ជនដ៏កំណាចឈ្មោះ សារុន វិថុរៈ បានចេញមុខបកស្រាយតាមព័ត៍មានក្នុងស្រុកថាខ្លួនអត់បានប្រព្រឹត្តហិង្សា មានតែទៅជួយអន្តរាគមន៍ការពារកុំអោយមហាជនវ៉ៃ..! ។ មិនអីខុសទេការបកស្រាយយកត្រូវ សំខាន់អ្វីជាការពិតបានលាតត្រដាងបង្ហាញពីសកម្មភាពឃោឃៅរបស់គាត់រួចទៅហើយល្បីពេញផ្ទៃប្រទេស ហើយទីតាំងស្ថានីយ៍ប្រេងPTT របស់គាត់ក៏មានCamara សុវត្ថិភាព បើកទៅឃើញហើយ ជនដ៏អសីលធម៍អើយ៕
ដោយ៖ សុខ ខេមរា