ទីបំផុត..! ជនទំនើងថៅកែស្ថានីយ៍ប្រេង PTT ដែលប្រើហិង្សាលើគ្រូបង្រៀន ត្រូវតុលាការសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់តុលាការ បានប្រាប់ភ្នាក់ងារព័ត៌មានប្រចាំនៅតុលាការ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ថា៖ លោក ឯក ប៉ូលីល្វីល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើគ្រូបង្រៀនម្នាក់ ផ្អើលពេញ Facebook ដូចជាសត្វធាតុនោះ។
ជនជាប់ចោទថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ និងកូនចៅ ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ប្រើហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស» ព្រោះអ្នកប្រព្រឹត្តមានគ្នាច្រើន តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ទៅលើជនរងគ្រោះមាន អ៊ឹម សិរីរដ្ឋ ដែលមានមុខរបរជាគ្រូបង្រៀន។
ជនជាប់ចោទ សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ច័ន្ទ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើលោក អ៊ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេង របស់ខ្លួនដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។
ជនជាប់ចោទ សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់ នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឱ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ។
មតិមហាជនបានគាំទ្រចំពោះចំណាត់ការ មន្ត្រីនគរបាលយុត្តិធម៍ និងតំណាងអយ្យការ ទៅលើជនទំនើង ថៅកែការ៉ាស់សាំង PTT តាមនីតិវិធី៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print