ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ គេឃើញសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ ទាំង២៥រាជធានី-ខេត្ដបានចុះពង្រឹងអនុវត្ដច្បាប់ចរាចរណ៍មានទាំងការផាកពិន័យ ទៅតាមច្បាប់កំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្យ៉ាងទៀតការអនុវត្ដ ច្បាប់ចរាចរណ៍ថ្មីនេះក៏អាចថាបានកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែរ ។ ប៉ុន្ដែ ថ្នាក់លើប្រហែលពុំបានដឹងថា ប្រជាពលរដ្ឋទូទាំងប្រទេសកំពុងរួញខ្លួនខ្លាចច្បាប់ ចរាចរណ៍នេះក្នុងកម្រិតណានោះទេ? ពីព្រោះពួកគាត់កំពុងប្រឈមនឹងបញ្ហាសតិ អារម្មណ៍ ការខាតបង់ថវិកាដោយសារច្បាប់ថ្មីត្រូវផាកពិន័យរាល់ការបើកបរ ដែលមិនបានបំពេញកាតព្វកិច្ចដូចច្បាប់កំណត់នោះ ។
ប្រជាពលរដ្ឋមានចម្ងល់ថា ចំពោះការកំណត់ឱ្យអ្នកបើកបររថយន្ដត្រូវតែមាន ឯកសារត្រឹមត្រូវ ច្បាប់ដើម ។ ចុះបើរថយន្ដនោះត្រូវអ្នកបើកបរ ត្រូវកូន ប្រពន្ធ បើកឬឱ្យមិត្ដភក្ដិខ្ចីបើកបរត្រូវតែធ្វើលិខិតប្រគល់សិទ្ធិនៅចៅសង្កាត់ តើយើងទាំង អស់គ្នា អាចធ្វើទាន់តាមតម្រូវការចាំបាច់ឬទេ? ករណីខ្លះមិត្ដភក្ដិត្រូវខ្ចីរថយន្ដ ជាបន្ទាន់ដើម្បីដឹកសមាជិកគ្រួសាររបស់ពួកគេកំពុងមានជំងឺឬគ្រោះថ្នាក់ជាបន្ទាន់ ឬក៏ប្រពន្ធឆ្លងទន្លេ តើមុននឹងឱ្យរថយន្ដខ្ចីត្រូវតែទៅស៊ីញ៉េផ្ទេរសិទ្ធិពីចៅសង្កាត់ អាជ្ញាធរទាំងកណ្ដាលអធ្រាត្រ២៤ម៉ោងលើ២៤ម៉ោង ឬមួយយ៉ាងណា? ក្នុងនោះ ចំពោះអាជ្ញាធរ ចៅសង្កាត់ តើគាត់មានពេលវេលាផ្ដល់សេវានៃការផ្ទេរសិទ្ធិនេះ អង្គុយចាំប្រជាពលរដ្ឋក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោងបានឬទេ?
បើច្បាប់ឱ្យធ្វើយ៉ាងដូច្នេះមានន័យថាបង្កើតឱ្យមនុស្សគ្មានមនោសញ្ចេតនា គ្មានចិត្ដសង្គ្រោះគ្នាទៅវិញទៅមក ពីព្រោះថាបើឱ្យរថយន្ដខ្ចីត្រូវគេផាកពិន័យ បើ ឱ្យកូនជិះ បើឱ្យអ្នកបើបករយកទៅធ្វើការជំនួសសុទ្ធតែខុសច្បាប់ត្រូវផាកពិន័យ អ៊ីចឹងមានន័យថាមិនឱ្យខ្មែរមានមិត្ដភក្ដិមានមនោសញ្ចេតនាឬក៏បង្ខំចិត្ដទុក រថយន្ដចោល ។
ដោយឡែកចំពោះបញ្ហាកាត់ឈ្មោះនេះជាដើមគ្រប់រថយន្ដទាំងអស់ត្រូវតែ មានការកាត់ឈ្មោះអាចធ្វើទៅបាន លុះណាតែពួកគាត់ទិញពីឃ្លាំងពីក្រុមហ៊ុននោះ មិនអីទេចុះបើគាត់បានទិញតៗគ្នាពី៣ទៅ៤-៥ម្ចាស់បានត្រឹមតែធ្វើលិខិត ទិញលក់ពេលដែលច្បាប់កំណត់ត្រូវតែកាត់ឈ្មោះមកជាឈ្មោះរបស់យើង តើ គាត់ត្រូវរកម្ចាស់ដើមនៅឯណា? បើអ្នកខ្លះបានជ្រុះបាត់កាតគ្រី ចោរលួច ត្រូវទឹករលួយ ភ្លើងឆេះ ឬក៏ម្ចាស់ដើមស្លាប់ឬផ្លាស់ប្ដូរទីលំនៅរស់នៅក្រៅស្រុក និងមិនដឹងនៅទីណាពិតប្រាកដ តើពួកគាត់ប្រឈមនឹងផលលំបាកធ្ងន់ប៉ុនណា? ចំណុចនេះហើយដែលគាត់បង្ខំចិត្ដទុករថយន្ដចោលមិនហ៊ានជិះទៅណាមកណា ព្រោះខ្លាចការផាកពិន័យពីសមត្ថកិច្ច ។
ប្រជាពលរដ្ឋទទួលស្គាល់វិធីរឹតបន្ដឹងច្បាប់ចរាចរណ៍ប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍មិនមែនកើតចេញពីមូលហេតុ ខាងលើនោះទេ ភាគច្រើនកើតចេញពីអ្នកបើកបរមិនចេះច្បាប់ចរាចរណ៍មិនចេះ បើកបរពិតប្រាកដ ពេលស្រវឹងបើកបរ ។ ដូច្នេះសមត្ថកិច្ចត្រូវមានយន្ដការច្បាប់ តឹងតែងសម្រាប់ការផ្ដល់បណ្ណបើកបរ មានន័យថា មុននឹងចេញបណ្ណបើកបរឱ្យ បុគ្គលណាម្នាក់គឺត្រូវឱ្យគាត់ឆ្លងកាត់វគ្គរៀនបើកបរ ស្គាល់ពីច្បាប់ចរាចរណ៍ ប្រឡងត្រឹមត្រូវតាមសមត្ថភាពចំណេះដឹងនិងលុបបំបាត់ឱ្យបាននូវអំពើពុករលួយ ពេលចេញបណ្ណបើកបរ ព្រោះកន្លងទៅអំពើពុករលួយដោយខាងសាធារណការ អ្នកដែលមិនបានទៅរៀនបើកបរផង ទាំងរថយន្ដនិងម៉ូតូ បែរជាចេញបណ្ណបើកបរ ឱ្យ ។ បញ្ហាទាំងអស់នេះហើយដែលពួកគេបានបើកបរបង្កគ្រោះថ្នាក់ធ្ងន់បណ្ដាលឱ្យ មនុស្សរបួស និងស្លាប់ជាបន្ដបន្ទាប់នោះ ។
ម្យ៉ាងវិញទៀតក៏គួរពង្រឹងលើយន្ដការចុះបញ្ជីយានយន្ដឱ្យបានត្រឹមត្រូវទាំង រថយន្ដនិងម៉ូតូកំណត់ឱ្យបានច្បាស់លាស់គ្រប់យានយន្ដទាំងអស់ដែលធ្វើចរាចរណ៍លើដងផ្លូវត្រូវតែមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ឬត្រូវចាប់ផាកពិន័យម៉ូតូ រថយន្ដអត់ស្លាកលេខ និងរថយន្ដម៉ូតូប្រើប្រាស់ស្លាកលេខក្លែងក្លាយ គួរអនុវត្ដ ច្បាប់ចាប់អ្នកប្រើប្រាស់ដាក់គុក ប៉ុន្ដែសព្វថ្ងៃការចាប់រថយន្ដអត់ពន្ធដែលពាក់ ស្លាកលេខក្លែងក្លាយពុំឃើញមានវិធានការទៅលើអ្នកប្រព្រឹត្ដបទល្មើសទាំងនេះទេ ពីព្រោះថាបទល្មើសវាអាចកើតចេញពីជនដែលបានប្រើស្លាកលេខក្លែងក្លាយនិង អត់ស្លាកលេខទាំងការប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌក្នុងសង្គមទាំងការបង្កគ្រោះថ្នាក់ ចរាចរណ៍ជាដើម ។
ដើម្បីប្រព័ន្ធសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ គួរពង្រឹងលើបញ្ហាអ្នកដែល មានបណ្ណបើកបរហើយបើកល្មើសច្បាប់ត្រូវផាកពិន័យ ឬដកសិទ្ធិហាមឃាត់មិន ឱ្យបើកបរក្នុងរយៈពេលណាមួយ ពិសេសអ្នកដែលស្រវឹងបើកបរនេះជាដើម ។ ក្នុង នោះក៏ត្រូវពង្រឹងទៅលើគ្រឿងបំពាក់របស់រថយន្ដម៉ូតូតាមលក្ខណៈបច្ចេកទេស ដែលច្បាប់កំណត់ផងដែរ ។
បញ្ហាកាត់ឈ្មោះប្រជាពលរដ្ឋមានការគាំទ្រក្នុងយន្ដការនេះសូមឱ្យអនុវត្ដនៅ ពេលទិញលក់ចាប់ពីពេលនេះទៅនិងមានការលើកលែងទៅលើអ្នកដែលមិនបាន កាត់ឈ្មោះពីមុនមក ឬក៏ពិនិត្យឃើញថា រថយន្ដដែលគាត់បានប្រើប្រាស់នោះជា លក្ខណៈស្របច្បាប់មិនមែនបានមកពីអំពើលួចឆក់ប្លន់ជារបស់ពលរដ្ឋល្អដែល សមត្ថកិច្ច អាជ្ញាធរ សាក្សីពីប្រជាពលរដ្ឋបានដឹងឮគួរតែប្រគល់សិទ្ធិកាត់ឈ្មោះ ឱ្យគាត់កាន់កាប់រថយន្ដនោះដោយស្របច្បាប់ ។ អ្វីដែលប្រជាពលរដ្ឋរារែកមាន ទម្លាប់មិនបានកាត់ឈ្មោះរាល់ការទិញ លក់ ម៉ូតូ និងរថយន្ដគឺផ្ដើមចេញពីអំពើ ពុករលួយខាងសាធារណការដែលបានយកតម្លៃសេវាខ្ពស់ហួសហេតុមានពី១០០ ទៅ២០០ដុល្លារ ដូច្នេះប្រជាពលរដ្ឋគាត់ខ្វះខាតគាត់ក៏បានកេងថវិកានោះទុក សម្រាប់ដោះស្រាយជីវភាពក៏ប្រើប្រាស់លិខិតទិញ លក់ ជាទម្លាប់មកដល់ បច្ចុប្បន្ន ។ ផ្ទុយទៅវិញបើកាលនោះច្បាប់តម្រូវឱ្យត្រូវតែកាត់ឈ្មោះបើមិនកាត់ មានទោសនិងមិនមានអំពើពុករលួយពីខាងសាធារណការទេប្រជាពលរដ្ឋប្រាកដ ជាអនុវត្ដតាមច្បាប់ ប៉ុន្ដែដោយអំពើពុករលួយទាំងនេះហើយដែលប្រជាពលរដ្ឋ បានឃ្លាតឆ្ងាយពីច្បាប់ ។
សព្វថ្ងៃនេះប្រជាពលរដ្ឋកំពុងតែរួញនឹងច្បាប់ចរាចរណ៍ថ្មីគ្រប់ៗគ្នាទីណាក៏ដូច ទីណាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះការអនុវត្ដច្បាប់ចរាចរណ៍ថ្មីនេះក៏បាន ប៉ះពាល់ដល់អ្នករកស៊ីផងដែរ ដូចជាក្រុមហ៊ុនស្របច្បាប់ ទទួលបញ្ចាំ ករណីខ្លះ គាត់ទទួលបញ្ចាំជាកាតគ្រីដោយសារប្រជាពលរដ្ឋខ្វះខាតចាំបាច់បន្ទាន់ដោះ ស្រាយជីវភាពគ្រួសារគ្រោះថ្នាក់ផ្សេងៗគាត់អនុញ្ញាតឱ្យយករថយន្ដមកប្រើប្រាស់ និងរក្សាទុកកាតគ្រី ។ បញ្ហានេះពេលច្បាប់ចរាចរណ៍ថ្មីតម្រូវឱ្យអ្នកបើកបរត្រូវ តែមានកាតគ្រីច្បាប់ដើម តើគាត់មានកាតគ្រីនោះពីណា បើមិនទាន់មានប្រាក់ ទៅបង់រំលស់ផងនោះ ។
ម្យ៉ាងទៀតការទទួលបញ្ចាំបែបនេះជារឿងខុសច្បាប់ឬមួយ យ៉ាងណា ។ ករណីខ្លះទៀតក្រុមហ៊ុនលក់ឱ្យបង់រំលស់ដែលគេមិនទាន់ឱ្យសំបុត្រពន្ធ ឬកាតគ្រី តើអ្នកដែលប្រើប្រាស់រថយន្ដនោះគាត់ប្រឈមនឹងវិបត្ដិធ្ងន់ចំពោះការ ផាកពិន័យដោយសមត្ថកិច្ចក្នុងកម្រិតណា? ហើយក្រុមហ៊ុនដែលបានលក់បង់រំលស់ នោះគាត់ធ្វើខុសច្បាប់ដែរឬទេ? ការជជែកវែកញែកការរិះគន់ ការភ័យខ្លាចរបស់ ប្រជាពលរដ្ឋដោយច្បាប់ចរាចរណ៍ថ្មីនេះកំពុងកើតមានពេញបន្ទុក ។ ម្យ៉ាងវិញទៀត ច្បាប់ចរាចរណ៍ថ្មីភាគច្រើនជាប្រជាពលរដ្ឋពិតជាពុំបានដឹងឱ្យបានច្បាស់លាស់ ដូច្នេះមុននឹងចេញអនុវត្ដគួរតែមានវិធានការពន្យល់ ណែនាំ ការធ្វើសិក្ខាសាលា ឬផ្សព្វផ្សាយក្នុងកម្មវិធីសិក្សារបស់ សិស្សានុសិស្ស ឬតាមមូលដ្ឋាននេះជាដើម ។
ច្បាប់ចរាចរណ៍ថ្មីបើទោះជាគិតថានឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក៏ពិតមែន ប៉ុន្ដែបញ្ហាប្រឈមគឺប្រជាពលរដ្ឋកំពុងរងគ្រោះបាត់បង់ជំនឿមកលើថ្នាក់ ដឹកនាំ គ្រាដែលពួកគាត់ត្រូវបានច្បាប់នេះផាកពិន័យរាល់ការបើកបរគ្រាន់តែជា កំហុសបន្ដិចបន្ដួចនោះ ។
ប្រជាពលរដ្ឋជាច្រើនហាក់បីដូចជាមានអារម្មណ៍ច្របូកច្របល់មិនយល់ពីអនុ ក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥នេះសោះ ព្រោះអ្វីដែល ធ្វើនោះហាក់ដូចជាកំណត់បទល្មើសថ្មីតឹងរ៉ឹងជាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែល បានចូលជាធរមានទៅហើយឡើយ ។ ចំណុចនេះប្រជាពលរដ្ឋសូមឱ្យស្ថាប័នដែល មានសមត្ថកិច្ចត្រូវតែពន្យល់ឬបកស្រាយជាសាធារណៈឱ្យបានច្បាស់លាស់ដើម្បី ឱ្យប្រជាពលរដ្ឋបានយល់ផង ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់