ភ្នំពេញ៖ ម្ចាស់បទ”គេជាស្រីកាប់ដាវ” កញ្ញា តន់ ច័ន្ទសីម៉ា បានបញ្ចេញបទចម្រៀងចង្វាក់ញាក់បែប Hip Hop ជាលើកដំបូងរបស់ខ្លួនក្នុងផលិតកម្ម Galaxy។ បទថ្មីនេះទទួលបានការគាំទ្រច្រើនដែលគេរំពឹងថានឹងអាចបំបុកទីផ្សារចម្រៀងរបស់នាងកាន់តែខ្លាំង។
ដើមឆ្នាំថ្មី ២០២០ ភ្លាម តារាចម្រៀងផលិតកម្ម Galaxy តន់ ច័ន្ទសីម៉ា បានសម្រេចលទ្ធផលថ្មីទៀត ក្រោយពីនាងបទចេញថ្មីមួយបទមានចំណងជើងថា “ឡានស៊ីរ៉ែន” មានរសជាតិថ្មីប្លែកមិនដែលប្រទះក្នុងចំណោមបទចម្រៀងរបស់នាង។បទចម្រៀងនេះបញ្ចេញក្រោយពីបទចម្រៀង ៣បទរបស់នាងកាលពីគ្រាកន្លងទៅទទួលបានការពេញចិត្តពីអ្នកគាំទ្រ។ ដូចការបញ្ជាក់របស់នាងថ្មីៗនេះលើកឡើងថា បទចម្រៀងថ្មីរួមទាំងបទញាក់កន្ត្រាក់អារម្មណ៍ថ្មីត្រូវបានត្រៀមរួចជាស្រេច។ ការផ្អាកច្រៀងនៅតាមភោជនីយដ្ឋានរបស់តារាស្រីរូបនេះក៏នឹងអាចទុកពេលឲ្យនាងហ្វឹកហាត់ក្បាច់រាំ និងការថែរក្សាសុខភាពសំឡេងរបស់នាងកាន់តែប្រសើរ និងត្រៀបចេញទទួលយកការងារលើឆាកតន្ត្រីធំចាប់ពីដើមឆ្នាំនេះផងដែរ។ បទញាក់ថ្មីនេះក៏នឹងធ្វើឲ្យផលិតករមានជម្រើស និងអាចឲ្យនាងមានបទញាក់ផ្ទាល់ខ្លួនដូចតារាចម្រៀងអាជីពក្នុងផលិតកម្មធំៗផងដែរ។ បទនេះ ជាប្រភេទបទបែប ឌីជេ កម្រលឺសម្រាប់នាងផ្ទាល់ និងប្រិយមិត្តរបស់នាង។ ប្រភេទបទពេញនិយមសម្រាប់យុវវ័យមួយនេះ ទើបនឹងចេញនៅយប់ចុងក្រោយនៃឆ្នាំ ២០១៩ ប៉ុណ្ណោះ ហើយមកដល់ពេលនេះ អ្នកគាំទ្ររបស់នាងនៅតែជជែកគ្នាពីរឿងនេះនៅឡើយថា ប្លែក និងពីរោះ។
តាមរយៈបទនេះ អ្នកគាំទ្រនាងជាច្រើន បានលើកសរសើរតារាចម្រៀងស្រីថា នាងមានសមត្ថភាពកំពូល ពោលគឺអាចច្រៀងបានគ្រប់ទម្រង់តែម្ដង។ ក្រៅពីនេះ ពួកគេក៏សរសើរពីទឹកដៃនិពន្ធបទភ្លេងរបស់ Tempo Tris ដែរថា លោកនិពន្ធបទភ្លេងមក មួយបទណាក៏ពីរោះដែរ។ ចំណុចគួរចាប់អារម្មណ៍បទ “ឡានស៊ីរ៉ែន” គឺជាស្នាដៃនិពន្ធផ្ទាល់របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពីឧកញ៉ាវ័យក្មេងរូបនេះ បានជួយឲ្យ សីម៉ា ផ្ទុះខ្លាំងជាមួយបទ “គេជាស្រីកាប់ដាវ” រួចទៅហើយ។ទោះជាយ៉ាងណាបទនេះ ទើបនឹងចេញជាវីដេអូសំឡេង(Video Audio) នៅឡើយ មិនដឹងថាពេលណានឹងចេញជាវីដេអូចម្រៀងផ្លូវការនៅឡើយនោះទេ៕
ដោយ វឌ្ឍនា