ខេត្តកែប៖ បើគិតត្រឹមម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារយកមនុស្សចេញពីអគារបាក់រលំបានចំនួន ២៣នាក់ ក្នុងនោះ៥នាក់បានស្លាប់ មានស្រី៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
រដ្ឋបាលសាលាខេត្តកែបបានបញ្ជាក់ថា៖ នៅវេលាម៉ោង ៤:១៥នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មាន
ករណីបាក់រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៦ជាន់ មានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
មកទល់ពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយ
សង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការដ្ឋាននេះ។ គិតត្រឹមម៉ោង៥,០០ នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុមការងារបានជួយមនុស្សចេញពីក្នុងគំនរបាក់បែក មានចំនួន២៣នាក់ក្នុងនោះស្លាប់០៥នាក់(ស្រី០៣នាក់)៕
ដោយ៖ សុខ ខេមរា